នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។