រាជធានីភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានមួយបានធ្វើការចុះផ្សាយថា: មានមនុស្សមួយក្រុមអង្គុយលេងល្បែងសុីសងក្នុងសាលាសង្កាត់គោករការួចមក ប្រជាការពារភូមិចំនួន៤នាក់បានប្រតិកម្មយ៉ាងខ្លាំង ដោយប្រជាការពារភូមិអះអាងថា ជារឿងមិនពិតនោះទេ គឺជាការអង្គុយជំនុំពិភាក្សាគ្នាដើម្បីរងចាំទទួលជនសង្ស័យ ក្នុងករណីបាញ់ប្រជាពលរដ្ឋឱ្យមានរបួស។
តាមការឱ្យដឹងពីប្រជាការពារភូមិក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅឱ្យដឹងថា មានករណីបាញ់បោះ បណ្តាលឱ្យមានប្រជាពលរដ្ឋ រងរបួសចំជើង ហើយក្នុងនាមលោកជាប្រជាការពារភូមិបានចុះទៅជួយអន្តរាគមន៍និងរាយការណ៍ទៅសមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់និងដឹកជនរងគ្រោះទៅសង្គ្រោះនិងព្យាបាល។ លោកជាប្រជាការពារភូមិក៏វិលត្រឡប់មកនៅរង់ចាំក្នុងសាលាសង្កាត់គោករកាដើម្បីចាំទទួលជនសង្ស័យ ដើម្បីសួរនាំ ហើយក្រុមរបស់លោកក៏អង្គុយជំនុំនិងពិភាក្សាគ្នារង់ចាំបងៗសមត្ថកិច្ចបញ្ជូនជនសង្ស័យមកដល់ ស្រាប់តែអស់លោកអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ពីការលេងល្បែងសុីសងខុសច្បាប់ នៅក្នុងសាលាសង្កាត់គោករកាទៅវិញ។ដែលការផ្សាយរបស់របស់អស់លោកសារព័ត៌មានខុសពីការពិតទាំងស្រុង។
ជាចុងក្រោយ ក្នុងនាមលោកជាប្រជាការពារភូមិទាំង៤រូប សូមបដិសេធទាំងការចុះផ្សាយនេះ មិនមែនជាការពិតទេ ក្នុងនាមលោកជាប្រជាការពារភូមិ បំរើប្រជាពលរដ្ឋ និងសង្គមជាតិ មិនដែលយកកន្លែងស្នាក់ការ ឬសាលាសង្កាត់ជាកន្លែងលេងល្បែងនោះទេ។ សូមអស់លោកសារព័ត៌មានមុននិងចុះផ្សាយអ្វីមួយ សួរព័ត៌មាន និងស្រាវជ្រាវ ផ្សាយតែព័ត៌មានពិតបានហើយ។ ទើបសមជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ល្អ កុំធ្វើជាកញ្ចក់បែក។ ហើយមួយវិញទៀតសូមអស់លោកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត៕