(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។
សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។
ក្នុងនោះ សម្តេចក៏បានជូនពរដល់លោកស្រី ដោយបានសំណេរថា «ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ ២០២៣
ខាងមុខ»។
លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន ៕