(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ ដែលជាអំណោយរបស់សប្បុរសជន ស្ថិតនៅសាលាបឋមសិក្សា កោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកំជើងព្រៃ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា អ្វីដែលយើងព្រួយបារម្ភបំផុត នោះគឺភាពល្ងង់ខ្លៅ ដែលអាចនាំមកនូវភាពក្រីក្រ ដូច្នេះយើងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បី យកចំណេះដឹង និងជំនាញតម្រូវទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ដែលកំពុង មានការរីកចម្រើនយ៉ាងលឿន ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ លោកគ្រូ អ្នកគ្រូឲ្យពង្រឹងគុណភាពសិក្សាក៏ដូចជាការខិត ខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធាន មនុស្សឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ចំពោះក្មួយ ៗ សិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រផងដែរ បន្ទាប់ពីមានសាលាថ្មីហើយនោះ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្តាល ធនធានមនុស្សតាំងពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់មហាវិទ្យាល័យ បន្ទាប់ពីប្រទេសយើងមានសុខសន្តិភាព ពេញបរិបូណ៌ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕