(ភ្នំពេញ) ៖ បញ្ហាបទល្មើសល្បែងស៊ីសងកំពុងតែកើតមានឡើងយ៉ាងគឃ្លើនជាទីបំផុតស្ថិតនៅជាន់ទី៤ ផ្សារបឹងត្របែកផ្លាហ្សារ កំពុងតែផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០១២ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រាប់ថា «មានទីតាំងលួចបើកហ្គេមអនឡាញគ្រប់ប្រភេទមួយកន្លែង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យដោយគ្មានអាជ្ញាធរណាមួយចុះមកបង្ក្រាបឡើយ ខណៈទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងនេះស្ថិតនៅផ្សារបឹងត្របែកផ្លាហ្សារផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ»។
ប្រភពបន្តថា ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ ជារបស់ជនជាតិចិន ដែលមាន អ្នកធំ ឬអ្នកមានអំណាច ជាអ្នកកាងល្បែងមួយនេះហើយទើបបានជាហ៊ានបើកលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទយ៉ាងដូចនេះ ព្រោះមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបក្នុងទីតាំងខាងលើនេះឡើយ ឃើញតែពលរដ្ឋខ្មែរ និងជនជាតិចិនចូលទៅលេងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់នៅបឹងត្របែកផ្លាហ្សារនេះ តើ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោកលោកវីរសេនីយឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានដឹងដែរឬទេ.?
គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញនេះ នឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោកអភិបាលខណ្ឌចំការមន និងលោក អធិការខណ្ឌហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មានយើង នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ នឹងទៅជាយ៉ាងណា?៕