ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ២០២២

សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ២០២២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ផាម មិ​ញជិញ​(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​វេទិកា​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​វៀតណាម ២០២២ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​។

​វេទិកា​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​វៀតណាម​ឆ្នាំ​២០២២​នេះ​រៀបចំ​ឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ឯកឧត្តម ផាម មិ​ញជិញ​(Pham Minh Chinh) នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពី​ថ្ងៃ​ទី ៨ ដល់​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម ២០២២​។​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ដល់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​សហការ​រៀបចំ​ឱ្យមាន វេទិកា​នេះ​ឡើង​នា​ឱកាស​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី ៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វេទិកា​នា​ថ្ងៃនេះ ប្រព្រឹត្ត​ឡើង​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នៃ​ឆ្នាំ​គម្រប់​ខួប​លើក​ទី​៥៥ នៃ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ វៀតណាម និង​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មកហើយ តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ទំនាក់ទំនង​ជា​ប្រចាំ​នៃ​ប្រជាជន​យើង​ទាំង​ពីរ ដែល​នេះ​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ពី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង ដោយ​ឈរ​លើ​គោលការណ៍​ជឿទុកចិត្ត​គ្នា និង​គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច នយោបាយ និង​ការទូត​។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ តាមរយៈ​កំណើន​នៃ​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាពិសេស​ក្នុង​យុទ្ធនាការ​បង្ការ និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ រដ្ឋាភិបាល​យើង​ទាំងពីរ​បាន​ផ្តល់​ជំនួយ​ឱ្យ​គ្នា​ទៅវិញទៅមក​ទាំង​ស្មារតី ថវិកា និង​សម្ភារៈ​សុខាភិបាល​។​

​កន្លងមក ប្រទេស​កម្ពុជា និង​វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ ក្នុងចំណោម​ប្រទេស​នៅ​អាស៊ី នៅក្នុង​ស​ន្ទ​ស្សន៍​ស្ដារឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ របស់​កាសែត​ជប៉ុន នី​កកេ (NIKKEI) ដែល​បាន​ធ្វើ​ការវាយតម្លៃ និង​ចាត់ថ្នាក់​ប្រទេស​ជាច្រើន​លើ​សកលលោក អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩ ការអនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ការស្ដារ​សកម្មភាព សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ជា​ដើម​។ ការវាយតម្លៃ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​ប្រទេស​យើង​ទាំង​ពីរ​ក្នុង​ការស្តារ​ឡើង​វិញ​នូវ​សង្គម និង​សេដ្ឋកិច្ច បាន​លឿន​ជាងគេ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ រហូត​ឈាន​ទៅ​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ និង​ធុរជន​បរទេស​មុន​ប្រទេស​ជាច្រើន​ដទៃទៀត ដោយ​បាន​លុបបំបាត់​នូវ​ការអនុវត្ត​វិធានការ​រឹតត្បិត​មួយចំនួន​។​

​បើ​ក្រឡេក​មើល​តួលេខ​ទេសចរ​បរទេស​ដែល​បាន​មក​ទស្សនា​នៅ​កម្ពុជា គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ ទេសចរ​វៀតណាម​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ ដែល​មាន​ចំនួន​សរុប​ជាង ២៨​ម៉ឺន​នាក់ កើន​ឡើង​ជាង​៣​ដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​កន្លងទៅ​។ ទន្ទឹម​នឹង​នេះ​ចំនួន​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំង​ពីរ​រំពឹងថា នឹង​មាន​កំណើន​បន្ថែម​ទៀត តាមរយៈ​ការ​ពន្លឿ​នសកម្មភាព​ផ្សព្វផ្សាយ ព្រមទាំង​ការបង្កើន​ការតភ្ជាប់​ក្នុងចំណោម​គោលដៅ និង​ផលិតផល​ទេសចរណ៍​។ ជាមួយគ្នានេះ ដើម្បី​ត្រៀម​ខ្លួន​ទទួលយក​លំហូរ​ទេសច​រ​បរទេស​កាន់តែច្រើន រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្ត​កណ្តាល និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​កម្ពុ​ជា និង​វៀតណាម គិត​ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង​ទៅ មាន​កំណើន​ប្រមាណ​ជាង ៣៤% ក្នុង​វិស័យ​វិនិយោគ តាម​ការរាយការណ៍រ​បស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ឃើញ​ថា​ការវិនិយោគ​ឯកជន គិត​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង​ទៅ មាន​ការកើនឡើង​ប្រមាណ ១,៣% ប៉ុន្តែ​យើង​ពុំ​ឃើញ​មាន​វត្តមាន​គម្រោង​វិនិយោគ​ថ្មី​របស់​វៀតណាម​នៅ​កម្ពុជា​សោះ​ក្នុង​ឆ្នាំនេះ និង​ឆ្នាំ​២០២១​កន្លងទៅ ពុំ​ដូច​កាលពី​មុន​មាន​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដែល​វិនិយោគិន​វៀតណាម បាន​មក​បណ្តាក់ទុន​ច្រើន​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ទូរគមនាគមន៍​។ ក្នុងន័យនេះ សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​វៀតណាម​មក​បណ្តាក់​ទុន​ធ្វេី​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​កាន់តែ​ច្រើន​ឡើង​វិញ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ដែល​កំពុង​មាន​សក្តានុពល​ខ្ពស់​នៅ​កម្ពុជា ដូចជា​កសិកម្ម​ទំនើប ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ និង​ឧស្សាហកម្ម​កម្មន្តសាល​ធុន​ស្រាល​ជាដើម​។​

​សម្តេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបា​លវៀត​ណាម​ក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដោយ​រក្សាបាន​នូវ​អត្រា​ឆ្លង​ក្នុង​កម្រិត​ទាប តាមរយៈ​ការអនុវត្ត​គោល​នយោបាយ​គ្មាន​កូវី​ដ («Zero-COVID Policy»), យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​វិធានការ​គាំទ្រ​នានា រាប់បញ្ចូល​ទាំង​វិធានការ​បញ្ចេញ​កញ្ចប់​សាច់ប្រាក់​ជា​បន្តបន្ទាប់​ជួយ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ ព្រមទាំង​វិធានការ​ហិរញ្ញវត្ថុ​គាំទ្រ​ដល់​ជន​បាត់បង់​ការងារ និង​សហគ្រាស​ដែល​រង​ផលប៉ះពាល់​។ កម្ពុជា ក៏​មិន​ខុស​ពី​វៀតណាម និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក បាន​ជួប​ប្រឈម​នឹង​ការ​រាតត្បាត និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ពី ជំងឺ​កូវី​ដ​-១៩ និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ដូចជា ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ បញ្ហា​សម្ពាធ​អតិផរណា​កើត ចេញពី​វិបត្តិ​ថាមពល ដែល​ជា​ផលវិបាក​នៃ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ទៅវិញទៅមក​របស់​ប្រទេស​មហាអំណាច​ពាក់ព័ន្ធ​នឹង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។ ទោះជា​យ៉ាងនេះក្តី ក្នុង​ឆ្នាំ​២០២២​នេះ ស្ថានការណ៍​ហាក់​មាន​ភាព​ធូរស្រាល​ជាង​មុន​សម្រាប់​កម្ពុជា ដោយយោង​តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៥,៥% ក្នុង​ឆ្នាំ​២០២២ និង ៦,៦% ក្នុង​ឆ្នាំ​២០២៣​។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​បន្ត​ដាក់ចេញ និង​អនុវត្ត​នូវ​ក្របខណ្ឌ​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនទី​បង្ហាញផ្លូវ​នានា សំដៅ​បង្កើន​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុងការ​ស្រូប​ទាញ ការវិនិយោគ​ក្នុង​ស្រុក និង​បរទេស​។ កម្ពុជា ក៏​បាន​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​សម្រាប់​បើក​ច្រក​ទីផ្សារ​នាំចេញ​បន្ថែមទៀត តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​ផ្សេងៗ​ផងដែរ​។ បន្ថែម​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរួមចំណែក​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹមនឹងនេះ ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ បាន​កំណត់​វិស័យ និង​សកម្មភាព​វិនិយោគ​អាទិភាព​មួយចំនួន ដែល​ត្រូវ​ទទួល​បាន​ការលើកទឹកចិត្ត ហើយ​សុទ្ធសឹង​ជា​វិស័យ និង​សកម្មភាព ដែល​មាន​លទ្ធភាព​បង្កើត​ការងារ បង្កើន​ការផ្ទេរ​ជំនាញ​និង​បច្ចេកវិទ្យា បង្កើន​ការតភ្ជាប់​ជាមួយ សហគ្រាស​ក្នុងស្រុក និង​រួមចំណែក​ពង្រឹង​ការតភ្ជាប់​ឧស្សាហកម្ម កម្ពុជា​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​ជាមួយគ្នានេះ កម្ពុជា​ក៏​កំពុង​កែសម្រួល​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ដើម្បី​តាម​ឱ្យទាន់​នូវ​បម្រែបម្រួល​និម្មាបនកម្ម​សេដ្ឋកិច្ច​សកល​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អបអរសាទរ​ចំពោះ​មិត្ត​វៀតណាម ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការទាក់ទាញ​វិនិយោគ​បរទេស​នា​ពេលកន្លងមក ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អេឡិចត្រូនិក​របស់​ខ្លួន​ជា​លំដាប់ ដោយ​បាន​ទាក់ទាញ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ធំៗ ដូចជា ក្រុមហ៊ុន​សាំ​សុង (SAMSUNG) និង​ក្រុមហ៊ុន​ហ្វក់​ខន់ (FOXCONN) ដែល​ផលិត​ផលិតផល​នានា​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​អេប​ផល (APPLE)​រួម​ទាំង​ផលិតផល​នាឡិកាដៃ​ឆ្លាត​វៃ​ដែល​ប្រើ​បច្ចេកវិទ្យា និង​ជំនាញ​ខ្ពស់​។ កម្ពុជា​មាន​បំណង​ផ្សារភ្ជាប់​ខ្សែ​ច្រវាក់​ផលិតកម្ម​យានយន្ត និង​អេឡិចត្រូនិក តាមរយៈ​ការបង្កើត​យុទ្ធសាស្ត្រ​ប្រទេស​បូក ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដែល​ជា​ជម្រើស​ទី​១ របស់​វិនិយោគិន​បរទេស​នៃ​វិស័យ​ទាំងពីរ​ក្នុង​ការផ្លាស់ប្ដូរ​ទីតាំង​ផលិតកម្ម​។ ក្នុងន័យនេះ សម្តេច​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​គម្រោង​វិនិយោគ​គាំទ្រ ដល់​ការផ្គត់ផ្គង់​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​ទាំង​ពីរ ពិសេស​វិស័យ​អេឡិចត្រូនិក សម្រាប់​ប្រទេស​វៀតណាម​។​

​រដ្ឋាភិបាល​យើង​ទាំងពីរ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​បន្ត​រៀបចំ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ឱ្យ​កាន់តែ​មាន​ភាពរលូន និង​ល្អប្រសើរ​ជាង​មុន ដើម្បី​ជំរុញ​កំណើន​រំ​បូរ​ពាណិជ្ជកម្ម និង​វិនិយោគ រហូត​ឈានដល់​ការចុះហត្ថលេខា​បន្ថែមទៀត លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម និង​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការបង្កើន​ចំនួនកូតា​ប្រភេទ និង​បរិមាណ​នៃ​យានយន្ត​ពាណិជ្ជកម្ម ដែល​សម្តេច និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើ​ជា​អធិបតី​កាលពី​ព្រឹក​មិញ​នេះ​។ លើសពី​នេះ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​បាវិត ដែល​នឹង​ចាប់ផ្តើម​ការសាងសង់​នាពេល​ឆាប់ៗ​ខាងមុខ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការតភ្ជាប់​ទីក្រុង​ភ្នំពេញ ជាមួយ​ប្រទេស​វៀតណាម​, កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ទំនិញ ព្រមទាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​លើ​ផ្លូវជាតិ​លេខ​១ ដែល​ជា​ផ្លូវ​ចម្បង​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា កម្ពុជា និង​វៀតណាម គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ច្រករបៀង​សេដ្ឋកិច្ច​ខាងត្បូង សម្រាប់​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាក់ស្តែង ដូច​ជា​ការ​ត​ភ្ជាប់​ផ្លូវ​ធ្វើដំណើរ​ចេញពី​ច្រកព្រំដែន ទៅកាន់ គោលដៅ​ទេសចរណ៍​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន ជា​ពិសេស​ខេត្ត​នៅតាម​តំបន់ឆ្នេរ ដើម្បី​សម្រួល និង​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅ​មក​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ​។ លើសពីនេះ កម្ពុជា និង​វៀតណាម ជា​ភាគី​សមាជិក និង​ភាគី​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែល​ជា​យន្តការ​ពាណិជ្ជ​កម្ម​សេរី ពហុភាគី​ដ៏​សំខាន់​សម្រាប់​លើកកម្ពស់​ការពង្រឹង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​, រក្សា​នូវ​វិបុលភាព និង​ស្ថិរភាព​នយោបាយ​តំបន់ គួរ​បង្កើន​កិច្ចសហការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ឱ្យ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​។​

​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​វិនិយោគិន​បរទេស​ទាំងអស់ ជាពិសេស​វិនិយោគិន​វៀតណាម ដែល​បាន​ជ្រើសរើស និង​មានបំណង​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ សម្តេច​បាន​អំពាវនាវ​ដល់​ធុរជន និង​វិនិយោគិន​វៀតណាម ដែល​ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធុរជន និង​វិនិយោគិន​មិនទាន់​បាន​មក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ ឬ​សហការ​វិនិយោគ​រួមគ្នា​ជាមួយ​វិនិយោគិន​កម្ពុជា ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​នានា ជាថ្មី​ម្ដងទៀត ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​សូម​ធានា​ជូន​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន​ប្រកប​ដោយ​ភាព​អំណោយផល ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល