កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអោយថា ចំពោះការងារសន្តិសុខ សន្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ នៅថ្ងៃទី១ នៃពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ម្សិលមិញគឺមានភាពល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ ជាពិសេសបទល្មើសព្រហ្មទណ្ឌក៏គ្មាន គឺថាប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនាកំសាន្តប្រកបដោយភាពរីករាយក្រៃលែង ក្រោមម្លប់សុខសន្តិភាព។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បន្តថា នៅថ្ងៃទី២ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតឲ្យកម្លាំងក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ សុខសវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ជាពិសេសជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនឹងអញ្ជើញមកចូលរួមក្នុងពិធីប្រណាំងទូកនៅខេត្តកណ្ដាល នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។
គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានរៀបចំទីបញ្ជាការស្រាល ចំនួន០២កន្លែង សម្រាប់ទទួលពាក្យបណ្តឹង និងជួយអន្តរាគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូកនៅក្រុងតាខ្មៅផងដែរ។
ជាងនេះទៅទៀត លោកស្នងការខេត្តកណ្តាលក៏បានទទួលអាហារដល់ក្រុមផ្សាយផ្ទាល់របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ទទក ចំនួន០២ថ្ងៃជំនួសឲ្យរដ្ឋបាលខេត្តកណ្ដាល គឺនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពិធីប្រណាំងទូក នៅមុខសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។
គួរជម្រាបជូនថា ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។
ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាពិសេស រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ។
ទន្ទឹមគ្នានោះដែរ រដ្ឋបាលខេត្តកណ្តាលអំពាវនាវពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីញុំាងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព «៣កុំនិង៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយភាពសប្បាយរីករាយ៕