(ខេត្តកំពត)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានណែនាំ ដោយជំរុញឱ្យប្រជាពលរដ្ឋគិតគូរ យកចិត្តទុកដាក់ថែរក្សាសុខភាព និងស្តាប់តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចចំណាត់ការបទបញ្ជារាជរដ្ឋាភិបាល ក្នុងការ បង្ការនិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី កូវីដ១៩។
លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានមានប្រសាសន៍អប់រំណែនាំ ដល់ប្រជាពលរដ្ឋ បែបនេះខណៈ ដែលមានការចូមរួមពីសហការី ជាក្រុមយុវជន សហភាព សហព័ន្ធយុវជនកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅក្នុងឱកាសនៃពិធី ជួបសំណេះសំណាលនិងចុះសួរសុខទុក្ខនិងនាំអំណោយចែកជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពប្រឈមការខ្វះខាតតាមខ្នងផ្ទះមួយចំនួនក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពត កាលពីរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ ២០២០។
លោក ម៉ាត់ សេត ក៏បាន បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននិងកំពុងរីករាតត្បាតជាសកលពេញពិភពលោក។ ហើយបញ្ហាគ្រោះអាសន្ននេះ រាជរដ្ឋាភិបាល មិនបាននៅព្រងើយកន្តើយ ក្នុងយុទ្ធនាការ បង្ការ ការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឡើយ។
ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់បទបញ្ជាណែនាំនិងអំពាវនាវឱ្យប្រជាពលរដ្ឋយើង នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមកុំឱ្យពលរដ្ឋយើងមានការជួបជុំឬចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះមេរោគកូវីដ១៩ នេះងាយឆ្លង នាំឱ្យការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង។
លោក ម៉ាត់ សេត ក៏បានណែនាំដល់ប្រជាពលរដ្ឋយើង បើពុំមានការចាំបាច់ទេ គួរគប្បី កុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ចាក់សារជាសម្លេងផ្សព្វផ្សាយ តាមមេក្រូនៅក្នុងភូមិ ឱ្យបានយល់ដឹងទាំងអស់គ្នាអំពីវិធានការថែទាំ សុខភាពឱ្យបានល្អ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ ១៩នេះឱ្យទទួលបានលទ្ធផលប្រសិទ្ធភាពនៅក្នុងសហគមន៍របស់យើង។
លោក ម៉ាត់ សេត ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមឱ្យមានការជឿជាក់ ទុកចិត្តមកលើចំណាត់ការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ត្រូវចូលរួមអនុវត្តតាមបទបញ្ជាការណែនាំរបស់ សម្ដេចតេ ជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លង នូវវីរុសកូវីដ១៩នេះនៅក្នុងសហគមន៍របស់យើង។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងដៃសម្អាតដៃដោយសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ជាប្រចាំដើម្បី ជៀសផុត នូវការឆ្លង និងការរីករាលដាល នៃ វីរុសកូវីដ១៩នេះមកលើសង្គមគ្រួសារនិងសហគមន៍យើង។
ក្នុងឱកាសនោះ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រក៏បាននាំអំណោយមនុស្សធ៌មនៃប្រទេសសាំងហ្គាពួរ (HARRIS ISMAIL) សម្រាប់ចែកជូនប្រជាពលរដ្ឋចាស់ជរានិងជីវភាពខ្វះខាតចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ស្ករសរ ទឹកសារ៉ូ ទឹកដោះគោខាប់-ទឹកដោះគោឆៅ ប្រេងឆា-មី -តែ-ត្រីខកំប៉ុង -និងតំណាប់ផ្លែល្មើ ដែលចំណាយថវិកាសរុបចំនួន៣លាន៨សែន៧ម៉ឺនរៀលផងដែរ៕