(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន សម្រាប់យុទ្ធនាការ បង្ការ ទប់ស្កាត់នឹងជំងឺកូវីដ ១៩ នៅក្នុងខេត្តកំពតទាំងមូល។
អំណោយដែលក្រុមហ៊ុន ខេស៊ីមេន ផ្តល់ជូននាពេលនេះរួមមាន៖ ១. ធុងបាញ់ថ្នាំសម្លាប់មេរោគ ចំនួន១០ធុង ២. ម៉ាស់ ២០០ប្រអប់ ស្មើនឹង១០,០០០ម៉ាស់ ៣. ត្រីកំប៉ុង ១០កេះ ៤. មី ៥០កេះ ៥. សាប៊ូលាងដៃ ១១៤លីត្រ ៦.ទឹកស៊ីអ៊ីវ ២០កេះ ៧. អង្ករ ១តោន ៨. អាកុល ៥០០លីត្រ។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន ដែលបានផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់រដ្ឋបាលខេត្ត សម្រាប់ចូលរួមក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត៕