សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី ១៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សពកុមាររងគ្រោះទាំង ១០នាក់ ដែលបានរកឃើញ បានធ្វើបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។ ដោយឡែក សពកុមារម្នាក់ទៀតដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករកដោយកម្លាំងចម្រុះនៅឡើយ ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។
បន្ទាប់ពីបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលើរួចមក លោកជំទាវអគ្គលេខាធិការ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើជូនដល់កងកម្លាំងចម្រុះទាំងអស់ដែលកំពុងបំពេញប្រតិបត្តិការស្វែងរកកុមារដែលបាត់ខ្លួនចុងក្រោយ និងសូមជូនពរកងកម្លាំងទាំងអស់មានសុវត្ថិភាព ហើយរកឃើញកុមារនោះក្នុងពេលឆាប់ៗនេះ៕