ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្ដពោធិ៍សាត់ មានប្រារព្ធពិធីប្រកាស ចូលកាន់តំណែងអភិបាលរងខេត្តពោធិ៍សាត់ ចំនួន៤រូប ក្រោមអធិបតីភាពឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ដ្រី អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ។
គណៈអភិបាលរងខេត្ដ ចំនួន ៤ រូប ដែលត្រូវបាន ប្រកាស ចូលកាន់តំណែង រួមមាន ៖
១. ឯកឧត្តមបណ្ឌិត ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខប្រមញ់ និងនេសាទខេត្ដពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់
២. លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរងពោធិ៍សាត់
៣. លោក ហៀម ឃួន អតីតអភិបាលរងខេត្ដកែប បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់
៤. លោក រុន សារី អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្ដពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់ ។
ក្នុងឱកាសនៃពិធី ប្រកាសចូលកាន់តំណែងរបស់ អភិបាលរងចំនួន៤រូប ឯកឧត្ដម ប៉ាវ ហមផាន បានសំណេះសំណាល និងពាំនាំពាក្យផ្ដាំផ្ញើរបស់ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធី ក៏ដូចជា អភិបាលរង ដែលទេីបចូលកាន់តំណែងថ្មីៗ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និង ស្មារតីចូលរួមចំណែកអភិវឌ្ឍសង្គម ព្រមទាំងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទៅតាមកាព្វកិច្ចរៀងៗខ្លួន លេីបួនចំណុចសំខាន់ ១. ទឹកចិត្តបម្រើការងារមុះមុត ២. ភក្ដីភាព ៣. សេវាសាធារណៈ ៤. ក្រមសីលធម៌ វិជ្ជាជីវៈ។
ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើសេចក្ដីក្ដីរាយការណ៍សង្ខេប ពីវឌ្ឍនភាព នៃការគ្រប់គ្រងរដ្ឋបាលខេត្តពោធិ៍សាត់កន្លងមក។ អភិបាលរងខេត្ដពោធិ៍សាត់ថ្មីទាំង៤រូប បានធ្វើការប្ដេជ្ញាចិត្តក្នុងការបំពេញបេសកកម្មក្នុងដំណែងថ្មីរៀងខ្លួន។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា តំណាង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ក៏បានអញ្ជើញចូលរួមអបអរសាទរចំពោះការចូលមកកាន់តំណែងរបស់អភិបាលរងថ្មីចំនួន ៤រូប និងជាពិសេស លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី ៕