(បាត់ដំបង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះថា នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃទី០២ និងជាថ្ងៃបើកផ្លូវការនៃពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានចូលទស្សនាកម្សាន្តប្រមាណ១០ម៉ឺននាក់។
លោក ថោង ខុន បានគត់សម្គាល់ឃើញថា ការសម្តែងសិល្បៈទាំងបុរាណ និងសម័យទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ដោយក្នុងនោះ ល្ខោនបាសាក់ រឿង « ភ្នំសំពៅ» មានប្រជាពលរដ្ឋមើលច្រើន ខណៈកម្មវិធីឆាកធំចប់ម៉ោង១០យប់ តែកម្មវិធីការប្រគំតន្ត្រីនៅបន្ត។
សូមជម្រាបថា បុណ្យទន្លេខេត្តបាត់ដំបង ត្រូវបានរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០២០។ ពិធីបើកជាផ្លូវការបុណ្យទន្លេផ្លូវការរៀបចំឡើង នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលយ៉ាងច្រើនកុះករ៕