(ខេត្តកណ្តាល) ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុក រដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំគណៈអភិបាលស្រុកកៀនស្វាយ ក្រោមអធិបតីភាព លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ។
កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលស្រុក និងមេឃុំគ្រប់ឃុំ។
របៀបវរះសំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖
១-ផ្សព្វផ្សាយវិធានការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តកណ្តាល ព្រមទាំងវិធានការអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
២-ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំទាំង៨
៣-ផ្សព្វផ្សាយការត្រៀមរៀបចំទូក ទៅចូលរួមប្រណាំងនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
៤-បញ្ហាផ្សេងៗ
មានប្រសាសន៍ក្នុងកិច្វប្រជុំលោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្ក្រាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ក្រៅពីនេះត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត់។
បន្ថែមពីលើនេះឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ និងពិធីប្រណាំងទូកក្នុងក្រុងតាខ្មៅ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ត្រូវបន្តកិច្ចខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពខ្ពស់ មន្ទីរជំនាញត្រូវពន្លឿនការចុះបណ្ណ័ជាប្រព័ន្ធជូនប្រជាពលដ្ឋ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី។