ភ្នំពេញ៖ តាមរយៈសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថា «ទិវាអូហ្សូនពិភពលោក» ជាព្រឹត្តិការណ៍ប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដី ពីកាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់មករកស្ថានភាពដើមវិញ នៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។
ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២នេះ ជាខួបលើកទី៣៧ នៃ «អនុសញ្ញា ទីក្រុងវីយ៉ែន ស្ដីពីកិច្ចកាពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងជាខួបលើកទី៣៥ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧ ។ ចាប់តាំងពីឆ្នាំ១៩៩៥មក លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន។
ជំនួសមុខឱ្យវាដរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់ ៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
តាមរយៈសារលិខិតដដែល ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានឱ្យដឹងថា កន្លងមកស្រទាប់អូហ្សូន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសធាតុគីមីផ្សេងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ជំនាន់មុន ក្នុងនោះរួមមាន៖ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CIC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HIC)។ សារធាតុទាំងនេះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល បានបន្តថា «តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាសកលក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ យើងបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់រូបខ្លួន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ ជាក់ស្ដែងក្នុងន្លោះឆ្នាំ១៩៩០ ដល់ ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ ១៣៥ពាន់លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផលចាប់ពីឆ្នាំ២០០០ ស្រទាប់អូហ្សូន បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី១ ទៅ ៣% ក្នុងមួយឆ្នាំ ដែលការភ្ជិតទាំងស្រុងនឹងអាចកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតមកវិញនៃស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹងអាចទប់ស្កាត់ការកើនកម្ដៅភពផែនដី តាមរយៈការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ផងដែរ»។
ឯកឧត្តមបានថ្លែងថា ដោយសារកិច្ចសហប្រតិបត្តិការពហុភាគីជាសកលដ៏មានប្រសិទ្ធភាពនេះ បច្ចុប្បន្នស្រទាប់អូហ្សូន កំពុងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយអាចបំពេញតួនាទីស្នូលក្នុងការជួយការពារមនុស្សជាតិពីកាំរស្មីអ៊ុលត្រាវីយូឡេដ៍ របស់ព្រះអាទិត្យ ជាពិសេសការពារមនុស្សរាប់លាននាក់ពីជំងឺមហារីកស្បែក និងជំងឺភ្នែកឡើងបាយ។
ជារួមការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មនានា មិនត្រឹមតែបានជួយការពារស្រទាប់អូហ្សូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលទ្រទ្រង់ជីវិតនៅលើភពផែនដី និងបានជួយកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ។
ជាការពិតប្រសិនបើសារធាតុបំផ្លាញស្រទាប់អូហ្សូនមិនត្រូវបានហាមឃាត់នោះទេ កម្ដៅភពផែនដីប្រាកដជាមានការកើនឡើងបន្ថែមប្រមាណ ២,៥°C នៅចុងសតវត្សរ៍នេះ ដែលជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ពិភពលោក។ ដោយសារពិធីសារម៉ុងរ៉េអាល់ ពិភពលោកបានរួមគ្នាបញ្ឈប់ការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ ពីការធ្លុះធ្លាយនៃស្រទាប់អូហ្សូន។
នេះគឺជាជោគជ័យដ៏ធំធេងបំផុតនៃសន្ធិសញ្ញាបរិស្ថានសកល ដែលផ្តល់ជាគំរូយ៉ាងប្រត្យក្សសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនានានៅក្នុងវិស័យបរិស្ថាន រាប់ទាំងការប្រែប្រួលអាកាសធាតុផងដែរ។