ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Stephen Cohen ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់អំពីវិស័យបរិស្ថានកម្ពុជា នាល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងវិស័យបរិស្ថាន ដែលបានវិវឌ្ឍទៅតាមដំណើរសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រទេស និងប្រជាជនកម្ពុជាបានឆ្លងកាត់ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាទៅតាមនិន្នាការពិភពលោក។
សុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត អនុញ្ញាតឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជារួម និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថប្រជាជន ឱ្យយកចិត្តទុកដាក់និងផ្តល់សារសំខាន់កាន់តែខ្លាំងលើបញ្ហាបរិស្ថាន និងការអភិរក្សធម្មជាតិ។ ជាក់ស្តែង ប្រជាជនកម្ពុជា ជាពិសេសយុវជន ជាទូទៅ មានការយល់ដឹង និងចូលរួមក្នុងកិច្ចការបរិស្ថាន ជាពិសេសប្រតិបត្តិមេត្រីបរិស្ថាន គួរឱ្យកត់សម្គាល់។
ជាងនេះទៀត ដោយសារវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងជីវភាពល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវាកម្មឧទ្យានជាតិ និងតំបន់ការពារធម្មជាតិកម្ពុជា ជាទីកន្លែងលំហែរកំសាន្ត និងស្វែងយល់បង្កើនចំណេះដឹងអំពីធម្មជាតិ និងជីវៈចម្រុះ កាន់តែច្រើនឡើងៗ មិនធ្លាប់មានពីមុនមក ដែលការណ៍នេះបានជួយរួមចំណែកដល់កិច្ចការបរិស្ថាន ឱ្យស្ថិតនៅលើមាគ៌ាមួយជាវិជ្ជមាន។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍ប្រជាជាតិ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលបន្ថែមតាមរយៈការលក់ឥណទានកាបូន សំដៅលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ផង និងចូលរួមដោះស្រាយបញ្ញាប្រឈមជាសកលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះផង។