(ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២)
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មការធិការ បានដឹកនាំក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាក្រុង អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៣ ខ្នង លេខ ១៦១ ដល់ ១៦៣ ដែលទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលប្រក់ក្បឿងជ័រ រួមទាំងបង្គន់អនាម័យ ចំនួន ៣ ដែលជាអំណោយរបស់សាខាខេត្តកាកបាទក្រហមកម្ពុជាព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៣ គ្រួសារ ក្នុងក្រុងព្រៃវែង។
នាឱកាសនោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មការធិការ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលឯកឧត្តម និងសម្តេច តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម អនុប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខា ក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក កន្ទេល ១,ឃីត ១ កញ្ចប់(មុង ភួយ សារុងក្រមា), មី១ កេស, ត្រីខ ១ យួរ ,ឃីតអនាម័យ ១ កញ្ចប់ (ជែល សាប៊ូ ម៉ាស់), ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ ៦ដប, និងថវិកាក្នុង ១គ្រួសារ ១០០,០០០រៀល ក្នុងនោះអនុសាខាក្រុង បន្ថែមថវិកាចំនួន ៥ ម៉ឺនរៀលក្នុងមួយៗគ្រួសារ ក្នុងនោះឯកឧត្តម បានឧបត្ថម្ភថវិកាផ្ទាល់ដល់គ្រួសារនៅសង្កាត់បារាយណ៍ ចំនួន ២០ម៉ឺនរៀលផងដែរ៕