ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកកៀនស្វាយ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួហលោកអភិបាលរងស្រុក ថ្នាក់ដឹកនាំ ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគល់ ទទួលម៉ូតូរ៉ឺម៉កដឹកសំរាមចំនួន ០៨គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលស្រុកកៀនស្វាយ ជូនដល់រដ្ឋបាលឃុំទាំង៨។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឡូវ សុខសាន អភិបាលស្រុក បានមានប្រសាសន៍ថា ក្នុងតំណាក់កាលនៃការរីកចម្រើននៃសេដ្ឋកិច្ច បញ្ហាទុកដាក់កាកសំណល់ រឹងរាវ នៅតាមទីប្រជុំជន ទាមទារមានការគិតគូរយ៉ាងម៉ត់ចត់។ ដោយមើលឃើញពីបញ្ហានេះរដ្ឋបាលស្រុក បានធ្វើការរៀបចំម៉ូតូរ៉ឺមកសម្រាប់ដឹកសំរាម ០៨គ្រឿង សម្រាប់បម្រើឱ្យការងារប្រមូលសំរាមនៅតាមទីប្រជុំជនពិសេសនៅតាមទីផ្សារនានានៅក្នុងមូលដ្ឋានឃុំទាំង៨។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការអនុវត្តការគ្រប់គ្រងសំរាមឱ្យបានល្អប្រសើ។
គួរបញ្ជាក់ឱ្យដឹងថា ម៉ូតូរ៉ឺមកដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕