(ខេត្តកណ្តាល)៖ ៖ នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ នៅបណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំបណ្ឌិតសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រារព្ធពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់ របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
វគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះ ជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាល ដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។
តាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សិក្ខាកាមទាំង២វគ្គនេះ បានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់ ៕