ខេត្តកណ្តាល ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងសហការឃាត់ខ្លួនយុវជនមួយរូប បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ខណៈព្យាយាមរត់គេច ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូត្រូវ តែត្រូវសន្តិសុខរោងចក្រតាមទាន់ ចំណុចនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យ ឈ្មោះ ឈន ឈៀង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្ន ស្នាក់នៅភូមិរានថ្មឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះ ឈ្មោះ ចេង ចាន់ថន ភេទស្រីអាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ មុខរបរកម្មការិនីរោងចក្រ ។
ក្នុងនោះ សមត្ថកិច្ចបានដកហូតនូវ វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ពាក់ផ្លាកលេខភ្នំពេញJI1990 (របស់ជនរងគ្រោះ) ។
សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១:៤០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះជួលរបស់ខ្លួន ស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ មករោងចក្រសាន់បូ ស្ថិតភូមិឃុំកើតហេតុខាងលើ ដើម្បីធ្វើការដូចរាល់ថ្ងៃ ។ ហើយបានជិះម៉ូតូចូលទៅក្នុងរោងចក្រ និងបានយកម៉ូតូទៅទុកកន្លែងដាក់ម៉ូតូ ដោយពុំបានចាក់សោរទេ ។ រួចដើរចូលទៅធ្វើការបាត់ ។ ពេលនោះជនសង្ស័យកំពុងឈរនៅមុខរោងចក្របានអ្នកស្គាស់ធ្លាប់ធ្វើការជាមួយគ្នា បានជិះម៉ូតូមកដល់ ។ ភ្លាមនោះ ជនសង្ស័យបានសុំជិះជាមួយចូលទៅក្នុងក្នុងរោងចក្រកន្លែងដាក់ម៉ូតូពេលនោះ ។
ជនសង្ស័យបានឃើញម៉ូតូរបស់ជនរងគ្រោះទុកមិនចាក់សោរ ក៏ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបណ្តើរចេញមកខាងក្រៅ ។ ពេលដល់ចំណុចប៉ុស្តិ៍យាម សន្តិសុខរបស់រោងចក្រសាន់បូបានសួរទៅជនសង្ស័យថា ម៉ូតូកើតអីពេលនោះជនសង្ស័យបានប្រាប់សន្តិសុខថា ម៉ូតូអស់សាំងដោយមានការសង្ស័យសន្តិសុខសួររកសោរម៉ូតូ ។
ភ្លាមនោះ ជនសង្ស័យបានផ្តួលម៉ូតូរត់គេចត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងធ្វើការពួនស្ទាក់រុករក ហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។