(ភ្នំពេញ)៖ យោងតាមអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារ:សង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានដាក់បទបញ្ជាបន្ទាន់ឲ្យកម្លាំងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ៕