ខេត្តក្រចេះ ៖ អ្នកកាសែតនៅស្រុកស្នួលម្នាក់ ត្រូវបានក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើឆ្លងដែនទៅវៀតណាម នាំគ្នាព្រួតវាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញ នៅចំណុចឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ សាន ស៊ីម (ហៅ រ៉ា) ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិប៉ោស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ជាអ្នកយកព័ត៌មាននៅអង្គភាព «សម្រែកស្ត្រីខ្មែរ» បានរៀបរាប់ឱ្យដឹងថា ខណៈដែលខ្លួនកំពុងតែអង្គុយលើម៉ូតូ ហូបដំឡូងនៅមុខផ្ទះអ្នកភូមិ នៅចំណុចទីតាំងខាងលើ ស្រាប់តែក្រុមជនបង្កមានគ្នាចំនួន ៣នាក់ ប្រដាប់ដោយដំបងឈើគ្រប់ដៃ មកព្រួតវាយគាត់ បណ្តាលឱ្យរងរបួសធ្ងន់ ។
ប្រភពបន្តថា ក្រុមជនបង្កឈ្មោះ ខ្យង រួមនិងបក្ខពួកគេពីរនាក់ផ្សេងទៀត គឺជាឈ្មួញដ៏សកម្មក្នុងការដឹកជញ្ជូនឈើប្រភេទធំៗ នាំឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងងាំ៦២ នៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល នេះ ។បើតាមការរៀបរាប់ពីជនរងគ្រោះ ការប្រើអំពើហិង្សាដ៏ធ្ងន់ធ្ងរ ដោយសារតែអ្នកកាសែតរូបនេះបានព្យាយាមផ្តិតយកភាព និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពនៃការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញខាងលើនោះ ទើបបណ្ដាលឱ្យគេខឹងសម្បានាំគ្នាទៅព្រួតវាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នក្រុមជនបង្កដែលរស់នៅមូលដ្ឋានខាងលើនោះ ត្រូវបានគេសង្កេតឃើញថា សមត្ថកិច្ចនៅមិនទាន់មានវិធានការ ឬចាប់ខ្លួននៅឡើយទេ ។គួរបញ្ជាក់ថា សកម្មភាពនៃការនឹកជញ្ជូនឈើប្រណិត នាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងងាំ៦២ និងច្រករបៀងមួយចំនួនទៀតនៅតំបន់នោះ គឺតែងតែធ្វើឡើងជាប្រចាំពីសំណាក់ក្រុមឈ្មួញ ។ ប្រជាពលពលរដ្ឋបានដាក់ការសង្ស័យថា ការដែលក្រុមឈ្មួញដឹកឈើចរាចរទៅបានដោយរលូន ទំនងជាមានការសម្របសម្រួលបើកដៃពីមន្ត្រីនគរបាលការពារព្រំដែន និងកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធផ្សេងទៀតដែលឈរជើងការពារនៅតាមក្រវាត់ព្រំដែននៅតំបន់នោះឯង ។
សមាគមសេរីភាពអ្នកសារព័ត៌កម្ពុជាបម្រេើការពារអ្នកសារព័ត៌មានដោយមិនមានប្រកាន់ ឬរើសអើងអី្វឡើយ ៕
អរគុណសន្តិភាព!?❤️