(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងកែប ដោយពិធីនេះក៏មានការចូលរួមពីសំណាក់លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញក្នុងខេត្ត រួមនិង មន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។
នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងកែប នាឱកាសនេះយោងតាមសេចក្ដីសម្រេច ស្ដីពីការធ្វើសមាហរណកម្មបុគ្គលិកនិងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មី សរុបមានចំនួន១៣ការិយាល័យនិងអង្គភាព ដែលមានមន្ត្រីបំរើការងារសរុបចំនួន២២នាក់ ក្នុងនោះមាន១-ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ២-អង្គភាពលទ្ធកម្ម ៣-ការិយាល័យ គ្រប់គ្រងធនធានមនុស្ស ៤-ផែនការនិងគាំទ្រឃុំសង្កាត់ ៥-លេខាធិការក្រុមប្រឹក្សា ៦-ត្រួតពិនិត្យផ្ទៃក្នុង ៧-អប់រំយុវជននិងកីឡា ៨-រៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាល ៩-នីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ១០-កសិកម្មធនធានធម្មជាតិនិងបរិស្ថាន ១១-សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ១២-សង្គមកិច្ចនិងសុខមាលភាពសង្គម និង១៣-ការិយាល័យច្រកចេញចូលតែមួយ។
ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់របស់រដ្ឋបាលក្រុងកែប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ក្នុងការកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនសនា ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តបានបន្តថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តន៍គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលដៅសំខាន់ៗដ៏ចម្បង ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅដោយជោគជ័យ ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សចាក់គ្រឹះតាមមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ- ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋនិងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈនៃការនាំមកនូវកិច្ចការនិងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងស្របតាមនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការសំដៅផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពនិងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។លើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការដឹកនាំសំដៅការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕