(ខេត្តកំពត)៖ ធុងចម្រោះទឹកស្អាតចំនួន១០០ធុងដែលជាជំនួយរបស់សប្បុរសជន ប្រទេសសាំងហ្គាពួរ ផ្ដល់តាមរយៈសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ ២០២០ ត្រូវបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងអាជ្ញាធរក្រុងសង្កាត់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ម៉ាត់ សេត និង លោក សោម ចិនអ្នកតំណាងរាស្ត្រមណ្ឌលកំពត ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាននេះដែលតែងតែសហការគាំទ្រដល់គោលនយោបាយរបស់គណបក្សប្រជាជនពិសេសបោះឆ្នោតជូនគណបក្សប្រជាជន ទទួលបានលទ្ធផលល្អ ជោគជ័យគ្រប់អាណត្តិនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រទាំងពីរក៏បាន សំដែងការកោតសរសើរ ចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ម្ចាស់ជំនួយរួមនឹងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ដែលបានសហការគ្នានាំយកនូវធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់ទុកសកម្មភាពទាំងនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់នូវសុខមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ក្នុងនោះដែរអ្នកតំណាងរាស្ត្រ គឺលោកសោម ចិន ក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើ ដោយបានអនុវត្ត នូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ដោយផ្ដើមចេញពីសមិទ្ធផលនៃសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិហើយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពសំខាន់ៗក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពផ្សេងៗ ដែលក្នុងនោះវិស័យអនាម័យនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទផងដែរ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់។
លោក សោម ចិន ក៏បានចាត់ទុកការនាំនូវសម្ភារៈធុងចម្រោះទឹកស្អាតដែលជារបស់សប្បុរសជននាពេលនេះគឺជាកាយវិការប្រពៃក្នុងកិច្ចការសង្គមដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខភាពអនាម័យជនបទក្នុងគោលដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អំណោយធុងចម្រោះទឹកស្អាតអំណោយសប្បុរសធម៌របស់ប្រទេសសាំងហ្គាពួរនាពេលនេះគឺជាលើកទី៩ហើយ ដែលមានធុងសារុបចំនួន១៣០០ធុងដោយ បានចែកជូនប្រជាពលរដ្ឋសរុបចំនួន១៣០០គ្រួសារក្នុងឃុំនិងសង្កាត់មួយចំនួននៃស្រុកទឹកឈូ និងក្រុងកំពតខេត្តកំពត និងឃុំមួយចំនួនទៀតក្នុងខេត្តកែបផងដែរ៕