(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានគូសបញ្ជាក់ថា បញ្ហាខ្វះខាតទឹក មិនមែនជារឿងលេងសើចនោះទេ ហើយឯកឧត្តមបានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវតែធ្វើផែនការគ្រប់គ្រងទឹក ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកនៅចំពោះមុខ និងពង្រីកផែនការឲ្យបានច្បាស់លាស់ នាពេលខាងមុខ។
ឯកឧត្តម វេង សាខុន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ (rfi) កាលពីចុងសប្តាហ៍នេះ បានលើកឡើងថា៖ «ខ្ញុំមានការបារម្ភ នេះទើបតែសប្តាហ៍ទីមួយឈានចូលសប្តាហ៍ទីពីរនៃខែមករាតែប៉ុណ្ណោះ យើងអាចប្រឈមនឹងក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ជាពិសេសគឺខែមេសា ដែលជាខែមួយក្តៅ ហើយអាចនឹងប្រឈមបញ្ហាធ្ងន់ធ្ងរជាងនេះនាពេលខាងមុខ ប្រសិនបើយើងគ្មានដំណោះស្រាយ ច្បាស់លាស់ណាមួយដោះស្រាយទឹកចំពោះមុខ ហើយនឹងពង្រីកផែនការ ឲ្យបានច្បាស់លាស់នៅ ពេល ខាងមុខ »។
រដ្ឋ មន្ត្រី ក្រសួង កសិកម្មរូបនេះ បានសំណូមពរដល់ក្រសួងពាក់ព័ន្ធត្រូវធ្វើការគិតគូរឲ្យបានមែនទែនចំពោះបញ្ហានេះ ព្រោះឯកឧត្តមយល់ថា បញ្ហានេះ មិនមែនជារឿងលេងសើចទេ ពោលគឺត្រូវការគិតគូរធ្វើផែនការឲ្យច្បាស់លាស់ក្នុងការគ្រប់គ្រងទឹក។ ឯកឧត្តមបានបន្ថែមទៀតថា៖ «បញ្ហាគ្រោះមហន្តរាយស្តីពីអំពីការប្រែប្រួលអាកាសធាតុ ហើយនឹងការជំរុញកំណើនសេដ្ឋកិច្ចនេះ គឺតាមការព្យាករណ៍ រហូតដល់ឆ្នាំ២០៣០ កសិករម្នាក់អាចត្រូវរកចំណូលបានក្នុងកម្រិតមួយខ្ទង់ ៤ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ កាន់តែមានតម្រូវការទឹកខ្ពស់ថែមទៀត ដូច្នេះយើងត្រូវត្រៀមខ្លួនជាស្រេចពីពេលនេះទៅ ថាមួយឆ្នាំៗយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាទឹកក្នុងការហូបចុក ក៏ដូចជាការងារបង្កបង្កើនផល និងចិញ្ចឹម សត្វនាពេលខាងមុខផង»។
សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ ទី ពីរ នៃ ខែ មករា ឆ្នាំ២០២០ នេះ យ៉ាង ហោច ណាស់មាន ខេត្ត ចំនួន ពីរ នៃ ប្រទេស កម្ពុជា គឺ ខេត្ត បន្ទាយ មានជ័យ និង ខេត្តកោះកុង ត្រូវ បាន គេ រាយការណ៍ ថា កំពុង ប្រឈម នឹង ការ ខ្វះខាត ទឹក ប្រើ ប្រាស់ និង ទឹក សម្រាប់ ស្រោច ស្រព ដំណាំ ស្រូវ ប្រាំង របស់ ប្រជាពលរដ្ឋ ។ ភាពរីង ស្ងួតនេះ បានធ្វើ ឲ្យ ប្រជាជន ជា ច្រើន ពាន់ គ្រួសារ ខ្វះ ខាត ទឹក ប្រើ ប្រាស់ ៕