តាកែវ៖ សេចក្តីរាយការណ៍មកថា មានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ដ៏ធំមួយកន្លែង តាមប្រព័ន្ធអនឡាញមាន ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់ និងល្បែងជាច្រើនប្រភេទផ្សេងទៀត កំពុងបើកទទួលភ្ញៀវចូលលេងយ៉ាងច្រើនកុះករ ស្ថិតនៅ ជាប់ផ្ទះលក់សម្ភារចិញ្ចឹមមាន់ ផ្លូវ២៨ ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (នៅខាងកើត ឈាងខាងត្បូងផ្សារតាកែវ)។
ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឱ្យដឹងថា ទីតាំងល្បែងនេះ បើកលេងជាយូរមកហើយ មិនដែលមានសមត្ថកិច្ចណាមកបង្ក្រាបទេ គឹបណ្តោយឱ្យអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេង មិនខ្វល់ពីការឆ្លងជំងឺកូវីដ១៩ អូមីក្រុង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។
ប្រជាពលរដ្ឋសំណូមពរ លោក កង អាណាន់អភិបាលក្រុងដូនកែវ លោកអធិការ លោកស្នងការ និង ឯកឧត្តមអភិបាលខេត្ត អ៊ូច ភា មេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕