កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ០១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងពិធីសម្ពោធមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២,០០០នាក់។
គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមានអគារសិក្សា១ ខ្នង២ជាន់ ស្មើ ១២ បន្ទប់ ទីចាត់ការ១ខ្នង រួមនឹងសមិទ្ធផលនានា សរុបជាថវិកា ៤០៨,១៤០ ដុល្លារ។ សមិទ្ធផលខាងលើគឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងសប្បុរសជន ដែលជាអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផលដែលលេចជារូបរាងនាពេលនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិយើងមានសន្តិភាពពេញលេញទូទាំងប្រទេស។ ដូច្នេះ “សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕