នៅរាត្រី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន៧៨៣,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (ជំនួយសរុបប្រមាណជាង ២.៣៥លានដូស) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជានអូស្ត្រាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅរាត្រីថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។
សម្តេចតេជោបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។ សម្តេចបានសារបន្តថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យកីឡាករការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលព្យាបាលកូវីដ-១៩ ខណៈដែលពួកគេត្រូវប្រឡងបាក់ឌុបនៅមណ្ឌលបាក់ទូក ។ ដូច្នេះសម្តេចបានអំពាវនាវឲ្យសិស្សនៅមណ្ឌលបាក់ទូកកុំមានការភ័យខ្លាច ព្រោះខាងក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំពួកគេឲ្យប្រឡងនៅដាច់ដោយឡែកហើយ។
សម្តេចតេជោរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕