នាព្រឹកថ្ងៃអង្គារនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យការងារអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋានជាតិមរតកតេជោ ” ពិធីរាប់ថយក្រោយ ៥០០ថ្ងៃ ឆ្គោះទៅកាន់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ និងយុទ្ធនាការសង្គម ” និងបានបន្តចុះពិនិត្យការងារអនាម័យបរិស្ថាន ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ( Hyatt Regency Phnom Penh Hotel ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។