ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារព្រមានថា កម្ពុជាប្រឈមនឹងការផ្ទុះឡើងនូវរលកទី៣ បើសិនជាមិនមានវិធានការតឹងរ៉ឹងទេនោះ ខណៈការឆ្លងថ្មីរកឃើញថា មានជិត១០០០ករណីបន្ថែមទៀត។
សម្តេចតេជោ បានមានប្រសាសន៍ថា កូវីដបំប្លែងថ្មីរបស់អង់គ្លេស ឈ្មោះ អាល់ហ្វា (Alpha) បានធ្វើឱ្យកើតមាននូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជារលកទី ២ វាយលុកកម្ពុជា ធ្វើឱ្យប្រទេសយើងឆ្លងយ៉ាងលឿន និងមានចំនួនអ្នកស្លាប់យ៉ាងច្រើន ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា តួលេខឆ្លងថ្មី គឺ ៩៩៩ នាក់ឆ្លងថ្ងៃនេះ ដូច្នេះ ថ្ងៃនេះយើងមានចំនួនអ្នកឆ្លងជិត ១ ពាន់អ្នកបន្ថែមទៀត បន្ទាប់ពីការមានចំនួនឆ្លងខ្ពស់បំផុតកាលពីម្សិលម្ងៃ គឺទី ២៩ ខែមិថុនា គឺឆ្លងខ្ពស់បំផុត ដល់ទី ១១៣០ នាក់និងស្លាប់ដល់ទៅ ២៧ នាក់ នោះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ (ទី ៣០ ខែមិថុនា) កម្ពុជាបានរកឃើញការឆ្លងកូវីដ-១៩ រយៈពេល ២៤ ម៉ោងហក់ឡើងដល់ ១១៣០ នាក់ និងស្លាប់ដល់ទៅ ២៧ នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការរកឃើញវត្តមានកូវីដ-១៩ នៅកម្ពុជា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ លើទេសចរជនជាតិចិន នៅខេត្តព្រះសីហនុ ៕