ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

សម្ដេច​តេជោ ហ៊ុន សែន ថ្ងៃនេះ​គឺជា​ខួប​៤២​ឆ្នាំ នៃ​ការជួបគ្នា​ឡើងវិញ រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

សម្ដេច​តេជោ ហ៊ុន សែន ថ្ងៃនេះ​គឺជា​ខួប​៤២​ឆ្នាំ នៃ​ការជួបគ្នា​ឡើងវិញ រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​លើក​មុន ខ្ញុំ​បាន​សរសេរ​រៀបរាប់​ត្រួសៗ​មួយ​ចំនួន​រួច​មក​ហើយ​លើ​ការ ជួប​ហើយ​ព្រាត់ និង ព្រាត់​ហើយ​ជួប​។ លើក​នេះ​ខ្ញុំ​ខិតខំ​សរសេរ​បំពេញបន្ថែម​នូវ​រឿងរ៉ាវ​បន្ទាប់​ពី​កូនប្រុស​កំសត់​បាន​ស្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃ​ទី​១០ ខែ វិ​ច្ចកា ឆ្នាំ​១៩៧៦ ហើយ​ដែល​ខ្ញុំ​បាន​សរសេរ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​(​ការឈឺចាប់​ដែល​មិនអាច​បំភ្លេច​បាន​)​។​

​ខ្ញុំ​គួរ​រំលឹកថា បន្ទាប់​ពី​មិន​អាច​សុំ​ការអនុញ្ញាត​ពី​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យក​សព​កូន​ទៅ​កប់​និង​នៅ​ថែទាំ​ភរិយា​ដែល​ទើប​សម្រាលកូន​បាន ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​រូប​នេះ​ទៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ (​ពេលនោះ​គេ​បង្កើត​ជា​ស្រុក​ពាមជីលាំង​)​។ យើង​សម្រាក​និង​ធ្វើការ​នៅ​ទីនោះ​មួយ​យប់ និង​មួយ​ព្រឹក​។ ពេល​រសៀល​យើង​បាន​ធ្វើដំណើរ​ត្រឡប់​មក​អង្គភាព​វិញ ដោយ​ឆ្លងកាត់​តាម​មន្ទីរពេទ្យ​ស្រុក​មេមត់ ដែល​ភរិយា​ខ្ញុំ​កំពុង​សម្រាក​នៅ​ទីនោះ​។​

​ក្នុង​ពេល​ធ្វើដំណើរ ខ្ញុំ​បាន​ខិតខំ​សុំ​មេបញ្ជាការ​រូបនេះ​ជាថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែ​ភរិយា​របស់ខ្ញុំ ។ តែ​សំណើរ​ដដែល ចម្លើយ​ក៏​ដដែល​ដែរ ដែល​ធ្វើអោយ​ខ្ញុំ​ស្ទើរតែ​ទ្រាំ​លែង​បាន​បំរុង​ដក​កាំភ្លើង​បាញ់​ក្បាល​អាច​ង្រៃ​នេះ​ប៉ុន្តែ​ការអត់ធ្មត់​គឺជា​រឿង​ចាំបាច់ ដើម្បី​ធានា​ដល់​ការរស់រានមានជីវិត សម្រាប់​ការតស៊ូ​មួយ​ដែល​ខ្លួន​បាន​រៀបចំ​បណ្តាញសម្ងាត់​មួយ​ចំនួន​រួច​មក​ហើយ​។​

​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេល​ម៉ូតូ​មក​ដល់​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់ ព្រោះ​ខ្ញុំ​ជា​អ្នក​ជិះ​ស្រាប់​។ ខ្ញុំ​ដើរ​ទៅ​បន្ទប់​ដែល​ភរិយា​ខ្ញុំ​សម្រាក ពិនិត្យ​ឃើញ​រ៉ានី​ហើម​ខ្លួន​។ ដោយសារ រ៉ានី ជា​គ្រូ​ពេទ្យឆ្មប​ស្រាប់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​អាច​នៅសល់​សុក​ដែល​ពេទ្យ​ទម្លាក់​មិន​អស់​។​

​ពីរ​នាក់​ប្តី​ប្រពន្ធ​យើង​ពុំ​មាន​អ្វី​ក្រៅពី​មើលមុខ​គ្នា​ដោយ​ទឹកភ្នែក​នោះទេ គឺ​ទឹកភ្នែក​អាណិត និង​ស្តាយ​កូន​ដែល​ស្លាប់​ទៅ ទឹកភ្នែក​ដែល​មិន​បាន​នៅ​ថែទាំ​ភរិយា​ដែល​ទើប​ឆ្លងទន្លេ តែ រ៉ានី ហាក់ដូច​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ​ទោះជា​ខ្ញុំ​មិនដែល​ប្រាប់​នាង​ក៏ដោយ​។​

​ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ហើយក៏​មិន​បាន​សួរ​រក​ទីកន្លែង​ដែល​គេ​កប់​សាកសព​កូន​ខ្ញុំ​ដែរ​។ ពេល​ត្រឡប់​ទៅ​ដល់​អង្គភាព​វិញ ខ្ញុំ​ក៏​បាន​យក​រឿង​នេះ​ជំរាប​ទៅ​ប្រធាន​នយោបាយ​នៃ​អង្គភាព​ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់​។ គាត់​បាន​អនុញ្ញាត​អោយ​ខ្ញុំ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព​ដែល​បោះ​ទីតាំង​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់​(​ពេលនោះ​គេ​បង្កើត​ជា​ស្រុក​ត្រ​មូង​)​។ ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិ​ច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំ​ខិតខំ​ទៅកាន់​មន្ទីរពេទ្យ​តាំង​ពី​មេឃ​មិនទាន់​ភ្លឺ ដើម្បី​នាំយក រ៉ានី មកកាន់​អង្គភាព​។ ពិត​ជា​សំណាង​សម្រាប់​រ៉ានី ដែល​ខ្ញុំ​បាន​នាំ​នាង​មក​អោយ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ចេញ​ទាន់ពេល បើ​ពុំនោះ​ទេ​នឹង​ទៅជា​ក្រឡាភ្លើង​និង​ឈាន​ដល់​ស្លាប់​មិន​ខាន​។​

​ពេលនោះ ទោះបីជា​លំបាក តែ​ខ្ញុំ​បាន​មើលថែទាំ រ៉ានី ដោយ​ផ្ទាល់​ដៃ​។ ខ្ញុំ​មើល​ថែទាំ និង​បំរើ រ៉ានី ដូច​ថែទាំ​ម្តាយ​ចាស់ មិន​ត្រឹមតែ​បាយ​ទឹក​ទេ សូម្បី​តែ​សម្លៀកបំពាក់​ក៏​ខ្ញុំ​ត្រូវ​បោកគក់​ជូន​គាត់​ដែរ​។ ខ្ញុំ​បាន​បំពេញ​មុខងារ​ជា​ប្តី​យ៉ាង​ពិតប្រាកដ​។ ខ្លុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំ​ខ្មែរ ដើម្បី​សុខភាព​របស់​ភរិយា​។ អ្វីៗ​គ្រប់យ៉ាង​ខ្ញុំ​ត្រូវ​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ប្រហែល​ជាង​កន្លះ​ខែ​។ ខ្ញុំ​តែង​លួច​យំ​អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ដោយ​លំបាក​វេទនា​តែ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​រ៉ានី​ទេ ដូចនេះ​បាន​ជា​ខ្ញុំ​មិន​នាំ​គាត់​និយាយ​ឬ​រំលឹក​ពី​រឿង​កូន​ស្លាប់​ឬ​រឿង​ណា​ដែល​មិន​សប្បាយចិត្ត​នោះឡើយ​។​

​ទោះបីជា​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង ដែល​ខ្ញុំ​បាន​រស់នៅ​ជាមួយ រ៉ានី លើស​ពី​មួយ​សប្តាហ៏ បន្ទាប់​ពី​រៀបកា​រហើយ​។ មកដល់ ខែ​មករា ឆ្នាំ ១៩៧៧ រ៉ានី មាន​ផ្ទៃពោះ​សារជាថ្មី​ម្តងទៀត ដែល​ខុស​ជាមួយ​បំណងប្រាថ្នា​របស់​ខ្ញុំ ព្រោះ​មិន​គួរ​មានកូន​ក្នុង​កាលៈទេសៈ​បែបនេះ​ទេ​។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចហើយ ដើម្បី​វាយ​ពួក ប៉ុលពត ក្នុងពេល​ដែល​ភរិយា​មាន​ផ្ទៃពោះ ប្រសិន​ជា​ការប្រយុទ្ធ​កើតឡើង​តើ​ប្រពន្ធ​និង​កូន​របស់​ខ្ញុំ​ទៅជា​យ៉ាងណា​? ខ្ញុំ​ចង់​រស់នៅ​ជាមួយ​ភរិយា​ខ្ញុំ តែ​ខ្ញុំ​មិន​ចង់​ឃើញ​ភរិយា​និង​កូន​ខ្ញុំ​មាន​គ្រោះថ្នាក់​នៅ​ពេល​មាន​ការប្រយុទ្ឋ​កើតឡើង​។ ខ្ញុំ​បាន​ទៅសុំ​ប្រធាន​នយោបាយ​អង្គភាព ដើម្បី​បញ្ជូន​រ៉ានី​ទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​កងទ័ព​ដែល​មាន​ទីតាំង​នៅ ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ឃ្លាត​ពី​អង្គភាព​ខ្ញុំ​ជាង​៣០​គីឡូម៉ែត្រ​។​

​បែក​គ្នា​លើក​មុនៗ​ត្រូវបាន​អង្គការ​ជា​អ្នក​បំបែក តែ​បែក​គ្នា​លើក​នេះ​ខ្ញុំ​ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង ដើម្បី​ត្រៀម​លក្ខណៈសម្បត្តិ​វាយ​ពួក​បន​ប្រល័យពូជសាសន៍​ប៉ុល ពត​។ ខ្ញុំ​ជួប រ៉ានី ចុងក្រោយ​គឺ​ថ្ងៃ​១៨ ខែ មិថុនា​ឆ្នាំ ១៩៧៧ គឺ​មុន​២​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​វាយ​ពួក​ប៉ុល ពត​។ ខ្ញុំ​បាន​សម្រេចចិត្ត​ច្បាស់លាស់​ហើយ តែ​ខ្ញុំ​មិន​និយាយ​ប្រាប់​រ៉ានី​នោះទេ​។ ការ​មិន​និយាយ​ប្រាប់ មិន​មានន័យ​ថា​ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះឡើយ តែ​បញ្ហា​សំខាន់ គឺ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​ភរិយា​ខ្ញុំ​ហូរ​ស្រក់​មក មិន​ចង់អោយ​ភរិយា​ខ្ញុំ​ទទួលរង​នូវ​ការវាយប្រហារ​ខាង​ផ្លូវចិត្ត​ភ្លាមៗ​សម្រាប់​រឿង​មួយ​ដែល​មិនទាន់​បាន​កើតឡើង​នៅ​ឡើយ​នោះទេ​។​

​មុនពេល​ចាកចេញ ខ្ញុំ​មិន​សម្រក់​ទឹកភ្នែក​អោយ រ៉ានី​ឃើញ​នោះដែរ​។ ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជា​ថ្ងៃ​ដែល​លំបាក​បំផុត​សម្រាប់​ខ្ញុំ ហើយក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​។ ម៉ោង​ប្រហែល​២​រសៀល បន្ទាប់​ពី​បញ្ជា​អោយ​កងទ័ព​បើក​ជង្រុក​ស្រូវ ដើម្បី​ដាំ​បាយ​ទទួលទាន ខ្ញុំ​បាន​អង្គុយ​សរសេរ​លិខិត​ផ្ញើ​ឱ្យ​រ៉ានី​។ ការចាប់ផ្តើម​នៃ​លិខិត​ពិតជា​លំបាក​រក​ពាក្យ​សរសេរ​ដែល​ទីបំផុត​ខ្ញុំ​បាន​ប្រើ​ពាក្យ​ថា​(​មក​ដល់​រ៉ានី​ប្រពន្ធ​ដ៏​កំសត់​របស់​បង នៅពេល​ដែល​អូន​អាន​លិខិត​នេះ រូប​បង​នៅ​សែនឆ្ងាយ ឆ្ងាយ​រហូត​ដល់​រូប​បង​មិនដឹង​ថា​ខ្លួន​នៅ​កន្លែង​ណា​ផង​ទេ​)​។ រឿង​ដែល​ពិបាក តើ​ត្រូវ​ប្រាប់​រ៉ា​នីថា​ខ្ញុំ​នៅ​ទីណា​? ព្រោះ​គ្មាន​អ្វី​ច្បាស់​ទេ​សម្រាប់​ជីវិត​ខ្ញុំ​នាពេលនោះ​។ សរសេរ​លិខិត​រួច ត្រូវ​គេ​បាញ់សម្លាប់​? ឬ សរសេរ​លិខិត​រួច ត្រូវធ្វើ​ការប្រយុទ្ធ​? យើង​ចង់​ទៅ​ទិសខាងកើត តែ​សភាពការណ៍​បង្ខំ​អោយមក​ទិស​ខាងលិច​វិញ​។ ខ្ញុំ​សរសេរ​ផង​យំ​ផង រហូត​ស្រវាំងភ្នែក ទម្រាំ​បាន​លិខិត​មួយច្បាប់​ចំណាយ​ពេល​ប្រ​ម៉ាណ​២​ម៉ោង​។​

​ខ្ញុំ​ចង់​រំលឹក​ដល់​អភូតហេតុ​មួយ ដែល​បាន​កើតឡើង​នា​ល្ងាច​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ​។ ម៉ោង​ប្រហែល​៤​ល្ងាច បន្ទាប់​ពី​ប្រគល់​លិខិត​និង​សំភារៈ​មួយចំនួន​តាមរយៈ​និរសារ​ខ្ញុំ​ឈ្មោះ​នឿន​(​ពេលនេះ​ជា​ឧត្តមសេនីយត្រី​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​)​ដើម្បី​បញ្ជូន​ទៅ​អោយ​ភរិយា​ខ្ញុំ​។ ខ្ញុំ​ក៏​សម្រាក​លង់លក់​ដើម្បី​រង់ចាំ​មិត្ត​ខ្ញុំ​៤​នាក់​ទៀត​។ ខ្ញុំ​ភ្ញាក់ឡើង​ម៉ោង​៨​យប់​ទៅ​ហើយ ខ្ញុំ​ក្រោក​អង្គុយ​យក​ដែកកេះ​ដុត​ចង្កៀងប្រេងកាត ពេល​ចង្កៀង​ឆេះ​ស្រាប់តែ​ឮ​សម្លេង​មនុស្ស​ស្រែក​ចេញ​ពី​ដើម​ជ្រៃ​ដែលមាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់​ហ្នឹង គឺ​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល​៣០​ម៉ែត្រ​។​

​សម្លេង​មនុស្ស​ប្រុស​វ័យ​ចំណាស់​ស្រែក​ខ្លាំងៗ​ថា​(​ចេញ​ភ្លាម​ទៅ ចេញ​អោយ​ឆាប់​)​ស្រែក​ច្រើនដង និង ខ្លាំងៗ​ស្ទើរ​បែក​ក្រដាស់​ត្រចៀក​។ បន្ទាប់​ពី​សម្លេង​ស្រែក​ចប់​ភ្លើង​ចម្រុះ​ពណ៍​មក​រុំ​ខ្លួន​ខ្ញុំ​ជុំជិត ខ្ញុំ​ស្រែក​ស្ទើ​ភ្លាត់​សម្លេង​ឱ្យ​អ្នក​នៅ​ខាងក្រៅ​ផ្ទះ​ចូល​មក​ជួយ​។ នៅពេល​យុទ្ធជន​៣​នាក់​ចូល​មក ខ្ញុំ​សួរ​ពួកគេ​ថា​អ្នកណា​ស្រែក​? ហើយ​មាន​ឃើញ​ភ្លើង​ក្នុង​ផ្ទះ​ឬ​ទេ​?​ពួកគេ​ទាំង​៣​នាក់​ឆ្លើយ​ស្រុះគ្នា​ថា មិនឮ និង​មិន​ឃើញ​អ្វី​ទាំងអស់​។ ខ្ញុំ​ព្រឺក្បាល ហើយ​គិតក្នុងចិត្ត​ថា បារមី​តាម​ថែទាំ​ខ្ញុំ ប្រាប់​អោយ​ខ្ញុំ​ចាកចេញ​ហើយ​។​

​ខ្ញុំ​សូម​ជំរាប​ថា ដើម​ជ្រៃ​ដ៏​ធំ​ដែល​មាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់ ធ្លាប់​អោយ​ខ្ញុំ​ឃើញ​២​លើក​រួចមកហើយ​។​លើក​ទី​១​នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​ដេក​យល់សប្តិ​ឃើញ​បុរស​ចំណាស់​ម្នាក់ យកសា​រ៉ុង​សូត្រ​ថ្មី​យ៉ាង​ស្អាត​មកអោយ​ខ្ញុំ​(​ជំនឿ​មនុស្ស​ខ្លះ​យល់សប្តិ​បាន​សា​រ៉ុង​សូត្រ​គឺ​នឹង​មាន​ប្រពន្ធ​)​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ខ្ញុំ​រៀបការ​ជាមួយ​រ៉ានី​។ លើក​ទី​២ ភ្លើង​ហោះ​ចេញ​ពី​ដើម​ជ្រៃ​កាត់​ដំបូល​ផ្ទះ​ខ្ញុំ​ជះ​ពន្លឺ​ចូល​ក្នុងផ្ទះ ពេល​យប់​នោះ​ហើយ​ដែល​រ៉ានី​ក្អូតចង្អោរ​ចាញ់​កូននៅ ខែ​មករា ឆ្នាំ ១៩៧៧ គឺ​កំណើត​ម៉ា​ណែ​ត​នេះហើយ​។​

​ការ​ព្រាត់​គ្នា​នា​ថ្ងៃ​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជា​ការ​ព្រាត់​គ្នា​ដោយ​មាន​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​បាន​ជួប​វិញ​។ ទឹកភ្នែក​រាប់​ម៉ឺន​សែន​លាន​ដំណក់​ហូរ​មក​ជាមួយ​ការឈឺចាប់​ដែល​មិនអាច​រៀបរាប់​បាន តែ​ទឹកភ្នែក​នេះ​ហើយ​ដែល​ជួយ​ពង្រឹងស្មារតី​ខ្ញុំ​ឱ្យ​ប្រឹង​តស៊ូ​ដើម្បី​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​។ (​ប្រវត្តិ​ទាក់ទង​នឹង​ការតស៊ូ​រំដោះ​ជាតិ​មាន​ឯកសារ​ច្រើន​ហើយ មិន​មាន​ការចាំបាច់​ដើម្បី​ខ្ញុំ​សរសេរ​នៅក្នុង​អត្ថបទ​ទាក់ទង​នឹង​ការជួបជុំ​គ្នា​ឡើងវិញ​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​នោះ​ទេ​)​។​

​តាំង​ពី​បែក​គ្នា​នា​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំ​មិន​ដែល​ទទួល​ពត៌មាន​អំពី​ភរិយា​ខ្ញុំ​ទេ ហើយ​ប្រសិនបើ​បាន​ទទួល​វិញ​គឺ​សុទ្ឋ​តែ​បញ្ជាក់​ថា ភរិយា​ខ្ញុំ​បាន​ស្លាប់បាត់​ទៅ​ហើយ​។ តាំងពី​ថ្ងៃ​បែក​គ្នា​មក​ខ្ញុំ​មិន​ដែល​ទទួល​ព័ត៌មាន​ថា ភរិយា​ខ្ញុំ​នៅរស់​ទេ ហើយ​កាន់តែ​ជឿ​ថា​ភរិយា​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ នោះ​គឺ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ រយៈពេល​ជាង​១​ខែ ខ្ញុំ​មិន​អាច​ស្វែងរក​ឃើញ​ឬ​មាន​ព័ត៌មាន​ពី​ប្រពន្ធ ឬ​ឳ​ពុកមា្ត​យ​ក្មេក បងថ្លៃ ប្អូនថ្លៃ​ខ្ញុំ​ឡើយ គឺ​បាត់​ទាំង​ពូជ​តែម្តង​។​

​មាន​រឿង​មួយ​ដែល​ខ្ញុំ​គួរ​រំលឹក​នោះ​គឺ នៅ​ប្រហែល​ពាក់កណ្តាល​ខែ​កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំ​យល់សប្តិ​ឃើញ រ៉ានី​ភរិយា​ខ្ញុំ​នៅ​ម្ខាង​ព្រែក​ដែល​មាន​ទឹក​ជ្រៅ​មិន​អាច​ដើរ​មក​រក​គ្នា​បាន ខ្ញុំ​កំពុងតែ​ទៅរក​ទូក​ដើម្បី​អុំ​ទៅយក រ៉ានី ស្រាប់តែ​នាឡិកា រោទ៍​ឡើង​នៅ​ម៉ោង​៥​ភ្លឺ ធ្វើអោយ​ខ្ញុំ​ភ្ញាក់ពីដេក​ដាច់​យល់សប្តិ​អស់​។ ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​អង្គុយ​យំ ហើយក៏​មិន​អាច​រក​ការពន្យល់​ពី​ការ​យល់សប្តិ​នេះ​ថា រ៉ានី​នៅរស់​ឬ​ស្លាប់​។​

​ការសប្បាយ​រីករាយ​សំ​រាប់ការ​រំដោះប្រជាជន​ចេញពី​របប ប៉ុល ពត មិនទាន់​បាន​បញ្ចប់​ទឹកភ្នែក​ខ្ញុំ​នៅ​ឡើយ​។ ប្រសិនបើ​ប្រពន្ធ​ខ្ញុំ​ស្លាប់ តើ​គាត់​ស្លាប់​នៅ​ទីណា​? ស្លាប់​ដោយ​ជម្ងឺ​ឬ​ស្លាប់​ដោយ​គេ​សម្លាប់​? ហើយ​តើ​កូន​របស់​ខ្ញុំ​គេ​កើត​មុន​ពេល​ភរិយា​ខ្ញុំ​ស្លាប់​? ឬ​ស្លាប់​ទាំង​មាន​ផ្ទៃពោះ​? ប្រសិន​កូន​ខ្ញុំ​កើត​ហើយ​តើ​គេ​ប្រុស​ឬ​ស្រី​? តើ​គេ​នៅរស់​ឬ​ស្លាប់​?​ប្រសិន​បើ​កូន​ខ្ញុំ​នៅ​រស់​តើ​គេ​នៅទីណា​? សំនួរ​ជា​ច្រើន​បាន​ធ្វើអោយ​ខ្ញុំ​ហូរ​ទឹកភ្នែក​ដោយ​ការឈឺចាប់​។​

​ល្ងាច​ថ្ងៃ​ទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំ​កំពុង​ធ្វើការ​នៅ​ក្រសួង​ការបរទេស នៅ​មាត់​ទន្លេ ស្រាប់តែ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នូ បេង បាន​ទៅ​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ​និង​កូន​ព្រមទាំង​ប្អូនស្រី​ខ្ញុំ​មកដល់​ផ្ទះ​ហើយ​។ ខ្ញុំ​មិន​ជឿ​ទាល់តែសោះ ព្រោះ​ករណីបែបនេះ​មាន​២​លើក​រួចមកហើយ​។ លើក​ទី​១​មាន​ស្ត្រី​អាយុ​ប្រហែល​ម្តាយ ខ្ញុំ​បាន​មកជួប​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ជា​ប្រពន្ធ​តា​រដ្ឋមន្ត្រីការបរទេស​។ គាត់​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​ហៅ​ប្តី​គាត់​មក​ជួប​គាត់​។ តាមពិត​គាត់​ច្រឡំ ព្រោះ​ប្តី​គាត់​មាន​ឈ្មោះ​ដូច​ខ្ញុំ​ដែរ​។ លើក​ទី​២ នៅ​ក្រសួង​ការបរទេស ស្ត្រី​ម្នាក់​ទៀត​ក៏​ទៅ​រក​ប្តី​គាត់​ដែរ​។ ខ្ញុំ​មក​ជួប​គាត់ គាត់​ហៅ​ខ្ញុំ​ថា​ក្មួយ ហើយ​សុំ​ចូល​ទៅ​ជួប​រដ្ឋមន្ត្រី​។ ពេលនោះ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ហ្ណឹងហើយ​ជា​រដ្ឋមន្ត្រី គាត់​ខឹង​ខ្ញុំ​យ៉ាងខ្លាំង ហើយ​ស្រែក​ឡូឡា​ទាល់តែ​ខ្ញុំ​បើក​ឡាន​ចេញពី​ក្រសួង មិនដឹងថា​គាត់​ទៅ​ណា​ទៀត​ទេ​។ ដោយសារ​មាន​រឿង​មិន​ពិត​រួមផ្សំ​ថា​មាន​ទាំង​កូន និង​ប្អូន​ទៀត​ខ្ញុំ​អត់​ជឿ​តែម្តង​។ តែ​យ៉ាងណា នៅ​ម៉ោង​ប្រមាណ ៥​ល្ងាច ហើយ ខ្ញុំ​ក៏​មក​ផ្ទះ​។​

​ជា​រឿង​រំភើប​ណាស់ ចុះ​ពីលើ​ឡាន​ភ្លាម​ខ្ញុំ​ក្រឡេកឃើញ រ៉ានី ប្រពន្ធ​ខ្ញុំ​មុនគេ បន្ទាប់​ទៅ​ឃើញ​ប្អូនស្រី​ខ្ញុំ និង​ក្មេងប្រុស​ម្នាក់​។ ប្រពន្ទ​ខ្ញុំ​ប្រាប់​ខ្ញុំ​ទាំង​ទឹកភ្នែក​ថា នេះ​ហើយ​ជា​កូនប្រុស​យើង ខ្ញុំ​ខំ​ទៅ​ស្រវា​ពរ​កូន តែ​កូន​នេះ​បែ​ជា​គេចចេញ​ទៅ​ឱប​ម្តាយ​ហើយ​ស្រែកយំ​។ តាមពិត​ភរិយា​ខ្ញុំ និង​ក្រុមគ្រួសារ​បាន​សម្ងំ​លាក់ខ្លួន មក​រើស​គួរ​ស្រូវ​នៅ​ស្រុក​ត្បូងឃ្មុំ ព្រោះ​សភាពការណ៍​ពេល​នោះ​ច្របូកច្របល់​ពេក មិនទាន់​ហ៊ាន​ចេញ​មុខ​នៅ​ឡើយ​។ ភរិយា​ខ្ញុំ​បាន​ទទួលដំណឹង​ថា​ខ្ញុំ​នៅ​រស់​ជា​រៀង​រហូត​មក តែ​ដើម្បី​សេចក្តីសុខ នាង​សុខចិត្ត​លាក់​ខ្លួន​ទ្រាំទ្រ​ជាមួយ​ការលំបាក​មួយ​រយះ​ទៀត​។ ការជួបជុំ​ឡើងវិញ​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​បញ្ចប់​ស្ថានភាព​ពោះម៉ាយ​និង​មេម៉ាយ ដែល​រូបខ្ញុំ​មានឈ្មោះ​ជា​បុរស​ពោះម៉ាយ ឯ រ៉ានី​
​មានឈ្មោះ​ថា​ជា​មេម៉ាយ​កូន​១​។​

​ម៉ា​ណែ​ត កូនប្រុស​ខ្ញុំ​ហៅ​ខ្ញុំ​ថា​ពូ​រយៈពេល​២​ខែ​ដោយសារ​តែ​គេ​មិន​ដែល​មាន​ឪពុក​សម្រាប់​ហៅ​។ នៅពេល ម៉ា​ណែ​ត ព្រម​ហៅ​ខ្ញុំ​ថា​ពុក​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​និង​ភរិយា​មាន​រឿង​អកុសល​កើតឡើង​ម្តង​ទៀត គឺ​ភរិយា​ខ្ញុំរ​លូត​កូន​។ នេះ​ជា​កំហុស​របស់​ខ្ញុំ​ដែល​មិន​បាន​រែក​ទឹក​ដាក់​ពាង​។ នៅ​ភ្នំពេញ​ពេលនោះ​ពុំ​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​ទេ​។ យើង​ត្រូវ​រក​ធុង​ទៅ​អូស​ទឹក​នៅ​ទន្លេមេគង្គ ហើយ​យក​មក​រក្សាទុក​នៅ​ពាង​ខាងក្រោម​ផ្ទះ និង​ត្រូវ​រក​ប៉ោត​រែក ឬ​យួរ​មកចាក់​ក្នុង​ពាង​នៅ​បន្ទប់ទឹក​។ ខ្ញុំ​តែង​ធ្វើ​កិច្ចការ​នេះ​ជា​ប្រចាំ តែ​ថ្ងៃមួយ​ប្រញាប់​ទៅ​ធ្វើការ​មិន​បាន​ដងទឹក​ដាក់​ពាង ប្រពន្ធ​ខ្ញុំ​ទៅ​ខំ​យូរ​ទឹក​មក​ចាក់​បំពេញ​ពាង ទើប​ធ្វើឱ្យ​កូន​ជិត​២​ខែ​នេះ​រលូត​។ សោ​កដ​នាដកម្ម​គ្រួសារ​ខ្ញុំ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ទុក្ខសោក​របស់​ប្រជាជន​ទូទាំង​ប្រទេស ដែល​ក្រុមគ្រួសារ​ភាគច្រើន​លំបាក​វេទនា​និនាស​ព្រាត់ប្រាស់​លើស​គ្រួសារ​ខ្ញុំ​ច្រើនដង​ទៅទៀត​។​សូម​កុំ​អោយ​រឿង​ឈឺចាប់​កើតឡើង​លើ​ទឹកដី​កម្ពុជា​តទៅ​ទៀត​។​
​ការជួបគ្នា​កាលពី​៤២​ឆ្នាំមុន​គ្រួសារ​ខ្ញុំ​មាន​
​មនុស្ស​តែ​៣​នាក់​គឺ​ខ្ញុំ​និង​ភរិយា​និង​កូន​
​ប្រុស​មួយ​គឺ​ហ៊ុន ម៉ា​ណែ​ត​តែប៉ុណ្ណោះ​។​៤២​ឆ្នាំក្រោយ​គ្រួសារ​នេះ​មាន​មនុស្ស​
​រហូត​៣៤​នាក់​គឺ​ខ្ញុំ​និង​ភរិយា​កូនបង្កើត​
៥​នាក់​កូនប្រសា​៥​នាក់​និង​ចៅ​២២​នាក់​
​ដែល​នេះ​ក៍​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​
​ចំនួន​ប្រជាជន​ពី​ប្រមាណ​៥​លាន​នាក់​នា​ឆ្នាំ​១៩៧៩​ហើយ​មកដល់ពេលនេះ​មាន​
​ប្រមាណ​១៦​លាន​នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល