ស្ទឹងត្រែង ៖ កិច្ចប្រជុំរវាងក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាពីការដាក់ចេញនូវកម្មវិធីពិសេសជំរុញការរវិនិយោគក្នុងខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសិហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះធ្វើឡើងមានគោលបំណងសំខាន់ជួបជាមួយគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ នានា (ដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍, សាធារណការ, បរិស្ថាន, អភិវឌ្ឍ ន៍ជនបទជាដើម) ដើម្បីសាកសួរព័ត៌មានមូលដ្ឋានទាក់ទងនឹងស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន, ផែនការអភិវឌ្ឍ អនាគត និងគម្រោងអាទិភាពនានា នេះបើយោងតាមលិខិតស្នើសុំសម្របសម្រួលដំណើរទស្សនៈកិច្ចសិក្សា ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមភាគឦសាន្តប្រទេសកម្ពុជា ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង។
លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានអញ្ជើញមកដល់ទឹកដីខេត្តស្ទឹងត្រែង និងដឹកនាំកិច្ចប្រជុំពិភាក្សាពីការដាក់ចេញនូវកម្មវិធីពិសេសជំរុញការរវិនិយោគក្នុងខេត្តនាពេលនេះ ។
នាឱកាសនេះលោក អភិបាលរងខេត្តស្ទឹងត្រែងក៏បានស្នើសុំទៅដល់មន្ទីរអង្គភាពពាក់ព័ន្ធផ្តល់នូវកិច្ចសហការ ក៏ដូចជាផ្តល់នូវ ព័ត៌មានផ្សេងជូនដល់ក្រុមការងារក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រោះជាកិច្ចការសំខាន់ចំពោះការអភិវឌ្ឍខេត្ត ។ មានសារៈសំខាន់ត្បិតថាការមកដល់របស់ក្រុមការងារអន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកដើម្បីដឹងពីព័ត៌មានសំខាន់ៗ ជាមូលដ្ឋានទាក់ទងនឹងស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន សក្តានុពលរបស់ខេត្ត, ផែនការអភិវឌ្ឍ អនាគត និងគម្រោងអាទិភាពនានា ដើម្បីរៀបចំគោលនយោបាយឲ្យត្រូវស្ថានភាពនិងសក្តានុពលរបស់ខេត្ត ធ្វ់យ៉ាងណាអាចទាក់ទាញអ្នកវិនិយោគបាន។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថាយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងពិសា ភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ បានឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) សិក្សា និង រៀបចំដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ។ ក្នុងន័យនេះ, ដើម្បី ពន្លឿនកិច្ចការងារនេះយើងបាន ដឹកនាំក្រុមការងារបច្ចេកទេស ធ្វើទស្សនកិច្ចសិក្សាបឋមនៅខេត្តទាំងបួន ចាប់ ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៤ ជួបជាមួយគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ។
ឯកឧត្តម រដ្ឋលេខាធិការបានបន្តថាសម្តេចបវរធិបតីលោកចង់ដាក់កម្មវិធីអភិវឌ្ឍនេះនៅដើមឆ្នាំ២០២៥ ហើយអ្វីដែលជាការគិតគូរ របស់សម្តេចបវរធិបតី គឺចង់ឲ្យមានការទាក់ទាញអ្នកវិនិយោគឯកជនឲ្យមកវិនិយោគលើខេត្តទាំងបួននេះមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។
គួបញ្ជាក់ថាមន្ទីរអង្គភាពសំខាន់ៗដែលចូលរួមក្នុងកិច្ចប្រជុំនេះមានដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ធនធានទឹក,កសិកម្ម, ទេសចរណ៍, សាធារណការ, បរិស្ថាន, អភិវឌ្ឍ ន៍ជនបទ,និងមន្ទរព័ត៌មាន៕