ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងទាំង៣ អាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន បានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តតម្រោងព្រែកជីក ហ្វូណនតេជោ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីក ហ្វូណន តេជោ ។
ក្រុមការងារបានជិះទូកចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ ចាប់ពីព្រែកតាហ៊ីង ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមស្ទឹងខ្មោច ស្ទឹងអូកែវ ដល់ស្ទឹងអង្គរបុរី ស្ថិតនៅស្រុកអង្គរបុរី និងបន្តធ្វើដំណើរតាមប្រឡាយលេខ១៥ ឆ្ពោះទៅកាន់ក្រុងដូនកែវ ខេត្តតាកែវ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣ កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕