រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ទី២០ សីហា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។
សម្ដេចធិបតីបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្តឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕