ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់មានឈ្មោះ ខៀវ នឿន អាយុ៤៣ឆ្នាំ មុខរបរកម្មារិនីរោងចក្រ រស់នៅក្នុង ភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើការសំណូមពរដល់ ប្រធានភូមិបាលស្រុកបសេដ្ឋ និង លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ សូមកុំចេញប្លង់កម្មសិទ្ធិ(ប្លង់រឹង)លើដីរបស់គាត់ដែលជាកេរ្តិ៍ដំណែលលោកឪពុកចែកឱ្យតាំងពីអំឡុងឆ្នាំ២០០៣មកម្ល៉េះ ដែលមានទទឹង៧២ម៉ែត្រ និងបណ្តោយ១៦៧ម៉ែត្រ។ ក្រោយពីកាន់កាប់និងអាស្រ័យផលបានប៉ុន្មានឆ្នាំ បងថ្លៃរបស់គាត់ក៏បានទិញដីនោះ ក្នុងតម្លៃ២០០០ដុល្លារ ដោយប្រគល់លុយតាមរយះលោកឪពុកចំនួន១០០០ដុល្លារសិន ចាប់តាំងពីពេលនោះមក បងថ្លៃរបស់គាត់មិនទាន់ឱ្យលុយគ្រប់ចំនួននៅឡើយទេ គឺនៅខ្វះចំនួន១០០០ដុល្លារអាមេរិកទៀត។
ស្ត្រីរងគ្រោះ ឈ្មោះ ខៀវ នឿន បានបន្តថា÷ ការដែលគាត់ស្នើសុំ និងសំណូមពរទៅជំនាញសុរិយោដីស្រុក និងខេត្តកំពង់ស្ពឺនេះ ក៏ព្រោះតែបងថ្លៃរបស់គាត់ ឈ្មោះ ឯក ឈឿន អាយុជាង៥០ឆ្នាំនេះ មិនដឹងជាមានអំណាចអ្វីខ្លាំងម្ល៉េះ មិនទាន់ឱ្យលុយគាត់គ្រប់ផង ហ៊ានហៅមន្ត្រីជំនាញចុះវាស់វែងជាប្រព័ន្ធកាលពីចន្លោះថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅទាំងដែរ លោកស្រីព្យាយាមប្តឹងទប់ស្កាត់ផង ចុះទៅហាមឃាត់ផង ក៏នៅតែបងថ្លៃរូបនោះ មានអំណាច អាចបញ្ជារឱ្យមន្ត្រីជំនាញវាស់វែងដីរបស់គាត់បានយ៉ាងរលូន។
អ្នកស្រី ខៀវ នឿន បានបន្ថែមទៀតថា÷ គាត់មិនសុខចិត្តឡើយ លោកស្រីសូមឱ្យអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយឱ្យបានដឹងរឿងនេះទៅដល់ អាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធ ជាពិសេសបានដឹងដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់លោកស្រីផង។ កន្លងទៅអាជ្ញាធរភូមិ ឃុំ ធ្លាប់ប្រាប់ប្រជាពលរដ្ឋថា បើដីបងប្អូនណាមានទំនាស់ជំនាញគេមិនវាស់វែងឱ្យនោះឡើយ។ អ្នកស្រីមានការងឿងឆ្ងល់ថា ចុះដីរបស់អ្នកស្រី មានរឿងជាមួយបងថ្លៃឈ្មោះ ឯក ឈឿន ហើយម្តេចឡើយជំនាញវាស់វែងបាន តើមកពីមូលហេតុអ្វី? ឬមួយមានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ជាមួយមន្ត្រីជំនាញទេដឹងបានជា បងថ្លៃរបស់អ្នកស្រីអាចវាស់វែងលួចធ្វើប្លង់កម្មសិទ្ធិបាន ផ្ទុយពីការជូនដំណឹងរបស់លោកមេភូមិ និងលោកមេឃុំទៅវិញ?។
សូមបញ្ជាក់ថា÷ដីនេះលោកឪពុកបានចែកឲ្យគាត់តាំងពីឆ្នាំ២០០៣ គាត់បានអាស្រ័យផលមួយរយៈក៏លក់ទៅឱ្យបងថ្លៃក្នុងតម្លៃ ២០០០ដុល្លារ ក៏ប៉ុន្តែបងថ្លៃបានប្រគល់លុយឲ្យចំនួន ១០០០ដុល្លារ នៅកំឡុងឆ្នាំ២០១៦ នៅខ្វះលុយចំនួន ១០០០ដុល្លារទៀតមិនទាន់ប្រគល់ឲ្យគ្រប់ផង ប៉ុន្តែបងថ្លៃឈ្មោះ ឯក ឈឿន បានហៅមន្ត្រីសុរិយោដីចុះទៅចុចវាស់វែងដីរបស់គាត់ដែលកំពុងមានបញ្ហាទំនាស់ជាមួយគ្នានឹងយកទៅលក់ឱ្យអ្នកផ្សេងបន្ត ដោយមិនទាន់បានទូទាត់លុយឲ្យអ្នកស្រីគ្រប់ចំនួន អ្នកស្រីសំណូមពរហើយ សំណូមពរទៀត សូមឱ្យមន្ត្រីជំនាញសុរិយោដីស្រុក និងសុរិយោដីខេត្តមេត្តាកុំចេញប្លង់នៅលើដីដែលមានរឿងនេះអី ពីព្រោះជាដីរបស់អ្នកស្រីពិតប្រាកដមែន។ ឪពុករបស់អ្នកស្រី នៅដឹងឮ! ឪពុករបស់អ្នកស្រីជាអ្នកចែកដីឱ្យ ជាសាក្សីរស់ អ្នកស្រីសង្ឃឹមថា អស់លោកនិងជួយអន្តរាគមន៍ទប់ស្កាត់ និងមិនចេញប្លង់នៅលើដីនេះយ៉ាងពិតប្រាកដ ដោយសារតែការលោភលន់ពីសំណាក់បងថ្លៃឈ្មោះ ឯក ឈឿន លែងស្គាល់ប្អូនខ្លួនឯង។
លោកតា ខៀវ ណុយ អាយុជាង៨០ឆ្នាំ ជាឪពុក បង្កើតអ្នកស្រី ខៀវ នីន មានប្រសាសន៍ថា៖ដើមហេតុដំបូងដីនេះជាដីស្រែ តែគាត់បានចែកទៅឲ្យកូនស្រីរបស់គាត់ដែលត្រូវជាប្អូន ហើយរស់នៅជាមួយនឹងបងតែដីស្រែដែលគាត់ចែកឲ្យនោះត្រូវបានបងធ្វើស្រែអាស្រ័យផលរហូតមក ដោយហេតុថាប្អូននៅក្រមុំទៅធ្វើការរោងចក្រ។
លោកតា ខៀវ ណុយ បានបន្តទៀតថាក្រោយមកឮថាប្អូនបានលក់ទៅឱ្យបងក្នុងតម្លៃ ២០០០ដុល្លារ ក្រោយមកឃើញកូនបងយកលុយមកឲ្យគាត់ជាឪពុកចំនួន ១០០០ដុល្លារ ផ្ញើទុកឲ្យប្អូនស្រី គាត់ក៏បានទទួលនិងប្រគល់លុយចំនួន ១០០០ដុល្លារនោះឲ្យទៅកូនស្រីរបស់គាត់ទៅ។
លោកតាបានបន្ថែមទៀតថាចំណែកឯលុយនៅខ្វះចំនួន១០០០ដុល្លារទៀត គឺមិនទាន់បានទូទាត់ឱ្យប្អូនគ្រប់ចំនួននោះទេ!។ ក្រោយមកឃើញមានមន្ត្រីសុរិយោដីបានចុះវាស់វែងធ្វើប្លង់ប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ធ ហើយគាត់បានទៅប្រាប់មិនឱ្យចុចវាក់វែងនៅលើដីដែលកំពុងមានបញ្ហានេះទេ ហើយទីតាំងដីនោះត្រូវបានប្អូនប្ដឹងជំទាស់មុន ៣.៤.ខែ ក្រោយពីឮដំណឹងថាមានមន្ត្រីសុរិយោដីចុះវាស់វែងធ្វើប្លង់ប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជុំវិញរឿងទំនាស់ដីធ្លីនេះលោក ឯក មឿន មេឃុំទួលសិលា បានឱ្យដឹងថាឈ្មោះ ខៀវ នឿន រស់នៅភូមិកោះឈើទាល មានរឿងទំនាស់ដីធ្លីជាមួយនឹងលោក ឯក ឈឿន ត្រូវជាបងថ្លៃពិតប្រាកដមែន បងថ្លៃដែលឈរឲ្យមន្ត្រីជំនាញវាស់នោះគឺគោលការណ៍គេតម្រូវឲ្យវាស់ (ប៉ុន្តែដីនោះក៏គេខ្លុមទុកដែរ) ព្រោះដីនេះនៅមានទំនាស់ អាស្រ័យលោក ឯក ឈឿន ទូទាត់ឱ្យលុយប្អូនគ្រប់ទើបក្រុមវិនិច្ឆ័យឲ្យផ្តិតមេដៃយកជាការ។
លោកមេឃុំបានបន្តទៀតថាបើលោក ឯក ឈឿន មិនដោះស្រាយឲ្យប្អូនទេ នឹងឲ្យ ខៀវ នឿន ទៅដាក់ពាក្យបណ្ដឹងទៅក្រុមវិនិច្ឆ័យ ហើយករណីនេះឃុំនៅតែបន្តហៅភាគីទាំងសង្ខារមកសម្របសម្រួលបន្តទៀត ។
ជាចុងក្រោយស្ត្រីរងគ្រោះឈ្មោះ ខៀវ នឿន ថាគាត់មិនចង់មានបញ្ហាអ្វីទេ គ្រាន់តែឱ្យបងថ្លៃទូទាត់លុយឱ្យគាត់គ្រប់ចំនួនទៅចប់ហើយ បើមិនប្រគល់លុយឲ្យគ្រប់ចំនួនទេគាត់សុំដកយកដីរបស់គាត់វិញហើយគាត់និងប្រសងលុយចំនួន ១០០០ដុល្លារ ឲ្យទៅបងថ្លៃវិញដើម្បីបញ្ចប់រឿង៕