ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក  ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម ឡយ ជេម អូ​ស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ ។ សម្ដេច​តេជោ បាន​រំឭកថា កាលពី​ឆ្នាំ ២០២២ ឯកឧត្ដម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នៅ​ខេត្ត​សៀមរាប និង បាន​ជួបពិភាក្សា​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​ចូល​ទីវង្គត​របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ថ្វាយ​ព្រះ​ភ្លើង​បូជា​កាលពី​ម្សិលមិញ​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​ជីវិត​មន្ត្រី​យោធា​របស់​កម្ពុជា​ចំនួន​២០​នាក់​ក្នុង​ឧបទ្ទវហេតុ​ថ្មីៗ​នេះ ។

​ឯកឧត្តម អូ​ស្ទីន បានបញ្ជាក់​ថា ឯកឧត្តម មក​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ ដោយ​នាំ​សារ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គឺ “​យើង​នឹង​ធ្វើការ​ជាមួយគ្នា ជាមួយ​សម្ដេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្តារ និង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ប្រសើរ​ឡើង​វិញ​។ ឯកឧត្តម បាន​លើកឡើង​ថា​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ការកែ សម្រួល​ឥរិយាបថ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​របស់​យើង បើ​ទោះបីជា​យើង​មាន​ទស្សនៈ​មិន​ស្របគ្នា​លើ​បញ្ហា​មួយចំនួន ក៏ប៉ុន្តែ ទំនាក់ទំនង​របស់​យើង​នៅ​លើ​វិស័យ​ជាច្រើន មាន​ភាព​ផ្លែផ្កា​វិជ្ជមាន ហើយ យើង​អាច​អង្គុយ​ជាមួយ​គ្នា ធ្វើការ​ជាមួយគ្នា​ប្រកប​ដោយ​លទ្ធផល ។

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការចូល​ទីវង្គត​របស់ សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស និង​ការបាត់បង់​ជីវិត​យុទ្ធ​ជន​កម្ពុជា​យើង​ចំនួន​២០​នាក់​រូប​កន្លងមក ដែល​នេះ​បាន​បង្ហាញ​នូវ​សមានចិត្ត​របស់​ឯកឧត្តម ចំពោះ​កម្ពុជា​។​

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ឯកភាព​ចំពោះ​គោលបំណង​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការខិតខំ​ពង្រីក​នូវ​ទំនាក់ទំនង​ល្អ​ឱ្យ​ប្រសើរ​ឡើង​វិញ ដោយ​កន្លងមក​សម្ដេច​តេជោ​បានចាត់ទុ​ក​ថា ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​យើង​ទាំង​ពីរ​មិន​អាក្រក់​ពេក​នោះទេ បើ​ប្រៀបធៀប​នឹង​អតីតកាល​។ សម្តេច បាន​ចាត់ទុក​ថា​កន្លង​មក ភាគី​យើង​ទាំងពីរ ខ្វះ​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដូច្នេះ​ត្រូវ​រក​វិធី​ខិតខំ​កសាង​ជំនឿ​ទុកចិត្ត​គ្នា​ឱ្យបាន​ច្រើន យើង​ត្រូវ​គ្រប់គ្រង​ភាពខុសគ្នា ទស្សន​ខុសគ្នា បង្រួញ​ភាពខុសគ្នា​ឱ្យ​តូច ទោះ​ពិបាក​ក៏ដោយ​។ ការខ្វះខាត​មួយទៀត គឺ​ការខ្វះខាត​ព័ត៌មាន​ទៅវិញទៅមក និង​ការវិនិច្ឆ័យ​ខុស ដែល​ធ្វើឱ្យ​ភាគី​មាន​ការយល់ច្រឡំ​គ្នា ដោយសារ​មិន​បាន​ប្ដូរ​ព័ត៌មាន​គ្នា មិនបាន​ធ្វើ​ការពិភាក្សា​គ្នា​។​

​សម្ដេច​តេជោ ក៏​បាន​សំណូមពរ ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង ប្រទេស​មហាអំណាច កុំ​ដាក់​ប្រទេស​កម្ពុជា​នៅក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ហើយ​កុំ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទី​កន្លែង​ប្រយុទ្ធ​។ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បានបញ្ជាក់​ថា​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ឯករាជ្យ​របស់​ខ្លួន​ផ្អែកលើ​ច្បាប់ ដោយ​មិន​ជ្រើសរើស​យក​ខាង​ណាមួយ​ទេ ដោយ​យក​ប្រទេស​ទាំងអស់​ជា​មិត្ត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ សម្ដេច​ក៏​បាន​អរគុណ​ចំពោះ សហរដ្ឋអាមេរិក ដែល​បាន​ជួយ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន ហើយ​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​នោះ ប្រទេស​ទាំង​ពីរ​ត្រូវបំព្រួញ​ឧបសគ្គនិងភាព​ខុស​គ្នា​ឱ្យ​នៅ​តូច និង​ពង្រីក​កិច្ច​សហការ​ឱ្យ​កាន់តែ​ច្រើន និង​មាន​ប្រសិទ្ធភាព​។ សម្ដេច​តេជោ បាន​មានប្រសាសន៍ថា អ្វី​ដែល​យើង​មាន​កិច្ចសហប្រតិបត្តិការ​ពី​អតីតកាល ជាពិសេស កិច្ចសន្ទនា​រវាង​ក្រសួង​ការពារជាតិ​ទាំងពីរ គឺ​ត្រូវតែ​បន្ត​ធ្វើការ​ជាមួយគ្នា​តទៅទៀត​។

​ឯកឧត្តម អូ​ស្ទីន បាន​ឯកភាពគ្នា​លើ​ការបន្ត​ឱ្យ​មាន​ការ​សន្ទនា​គ្នា ជាពិសេស លើ​គោលនយោបាយ​ការពារជាតិ ដើម្បី​ស្វែងរក​ផ្លូវ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក ដើម្បី​អនាគត​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ដែល​បាន​បង្ហាញ​ជំហរ​យ៉ាង​រឹងមាំ​ក្នុង​ការពង្រឹង​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ ឯកឧត្តម បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​បើក​ការអនុញ្ញាត​ឡើង​វិញ​ឱ្យ​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​បណ្ឌិតសភា​យោធា West Point របស់​អាមេរិក ផ្លាស់ប្ដូរ​ការ​កម្មវិធី​ក្នុង​វិស័យ​យោធា ដូចជា​សមយុទ្ធ​រួមគ្នា​ដើម្បី​សង្គ្រោះ គ្រប់គ្រង​គ្រោះមហន្តរាយ បន្ត​ការបណ្ដុះ​បណ្ដោយ​ក្នុង​វិស័យ​ដោះមីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ ដែល​ជា​ជំហាន​ទី​១ នៃ​ការដោះស្រាយ​ភាពខុស​គ្នា ដើម្បី​កសាង​នូវ​ទំនុកចិត្ត​ឱ្យ​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសន្ទនា​ដែល​នឹង​ត្រូវ​ចាប់ផ្ដើម ព្រោះ​ការ​នៅ​ឆ្ងាយ​ពី​គ្នា​នឹង​នាំឱ្យ​បាត់បង់​ព័ត៌មាន និង​បង្ក​ឱ្យ​មាន​ការយល់ច្រឡំ​គ្នា​។ សម្ដេច​តេជោ បាន​ចាត់ទុកថា អ្វី​ដែល​ជា​អទិភាព​គឺ​ការសន្ទនា​ជាពិសេស​នៅក្នុង​វិស័យ​ការពារ​ជាតិ ធ្វើយ៉ាងណា​ឱ្យអស់​ការសង្ស័យ​រវាង​គ្នា​ទៅវិញទៅមក និង​កសាង​នូវ​ទំនុកចិត្ត​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន ជម្លោះ​រវាង​ហា​ម៉ាស និង​អ៊ីស្រាអែល តំបន់​សមុទ្រ​ចិន​ខាងត្បូង និង តំបន់​ទន្លេមេគង្គ​ផងដែរ​។ ទាក់ទង​បញ្ហា​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​លើកឡើង​ថា​ដើម្បី​ឱ្យ​មាន​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់​ឈូង​សមុទ្រ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ ទី​១)​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​សេចក្តីថ្លែងការណ៍ DOC, ទី​២) ភាគី​ដែល​មាន​ជម្លោះ​រវាង​គ្នា​និង​គ្នា ត្រូវ​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង ទី​៣) ធ្វើយ៉ាងណា​ឱ្យ​សម្រេច​នូវ​ក្រម​ប្រតិបត្តិ COC ដែល​ភាគី​កម្ពុជា​បាន​ខិតខំ​ជំរុញ​ឱ្យ​សម្រេច​បាន​កាល​ពី​ឆ្នាំ ២០២២ នៅពេល​ដែល​កម្ពុជា ជា​ប្រធាន​អាស៊ាន ។

​អំពី​បញ្ហា​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី និង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា និង ឯកឧត្តម អូ​ស្ទីន បាន​ឯកភាពគ្នា​ថា មិន​អាច​យក​សង្គ្រាម​បញ្ចប់​សង្គ្រាម​បាន​ទេ គឺ​ត្រូវតែ​មាន​ដំណោះស្រាយ​តាម​ការចរចា ពិសេស​ក៏​បាន​ឯកភាព​គ្នា​ទៅលើ​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​នឹង​ផ្ដល់​នូវ​សុខសន្តិភាព​យូរអង្វែង​សម្រាប់​អ៊ី​ស្រា​អ៊ែល និង ប៉ាឡេ​ស្ទីន​។

​ឯកឧត្ដម អូ​ស្ទីន ក៏​បាល​បង្ហាញ​ពី​បំណងប្រាថ្នា​ក្នុង​ការជំរុញ​វិស័យសេដ្ឋកិច្ច និង​ការវិនិយោគ​អាមេរិក​មក​កម្ពុជា​ឱ្យបាន​ច្រើន​ទៀត​។ សម្ដេច​តេជោ ក៏​បាន​សម្ដែង​ការ​អរគុណ ហើយ​ក៏​បញ្ជាក់​បន្ថែមថា ពេល​ដែល​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​មាន​ការកើនឡើង នោះ​នឹង​គាំទ្រ​ដល់​វិស័យ​នយោបាយ​ផងដែរ​។ សម្ដេច​តេជោ ក៏​បាន​បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​ថា ឯកឧត្តម​អូ​ស្ទីន នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​អាមេរិក​មក​កម្ពុជា​ច្រើន​ថែម​ទៀត​។

​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ជូនពរជ័យ​ដល់ ឯកឧត្ដម​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក និង​គណៈប្រតិភូ និង​បាន​ផ្តាំផ្ញើ​តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី​នូវ​ការសាកសួរ​សុខទុក្ខ ជូន​ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បាយ​ដិន (Joe Biden)

​ឯកឧត្ដម រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ដល់​ពេលវេលា ឱ្យ ឯកឧត្ដម និង​គណៈប្រតិភូ​ចូល​ជួប​នៅថ្ងៃនេះ ដែល​ជំនួប​នេះ​នឹង​ផ្ដល់​នូវ​ប្រយោជន៍​នាពេល​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ទំនាក់ទំនង​ជាមួយ​គ្នា​។ ជំនួប​ពិភាក្សា​ត្រូវបាន​បញ្ចប់​ក្នុង​ស្មារតី​ស្មោះត្រង់ ប្រកបដោយ​បរិយាកាស​រីករាយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល