រាជធានីភ្នំពេញ: ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាភូមិពោរពេញទៅដោយភាព អាណាធិបតេយ្យដែលមានបទល្មើសល្បែងស៊ីសងខុសច្បាប់ បានកើតឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ ដោយសារល្បែងស៊ីសងទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ។
តែដោយសារល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នេះ បានផ្ដល់ផលប្រយោជន៍លាភសក្ការៈដល់អាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានមួយនេះ ទើបបានមេកាងល្បែងមួយចំនួនបានក្លាយទៅជាដៃគូមិត្តភក្កិរបស់អាជ្ញាធរនិងសមត្ថកិច្ចដែនដី ហ៊ានបំពាន ដល់បទបញ្ជារបស់ថ្នាក់ដឹកនាំបែបនេះ។
ដូចពាក្យចាស់លោកពោលថា (បើអាខ្មោចស្រុកមិនឱ្យដៃ អាខ្មោចព្រៃក៏មិនហ៊ាន)មេកាងល្បែងមិនខ្លាចញញើតនិងសមត្ថកិច្ចនិងមិនក្រែងញញើតច្បាប់ ក៏ដោយសារមូលហេតុមួយនេះដែរ!
ចំណែកឯលោកអធិការខណ្ឌច្បារអំពៅ វរសេនីយ៍ឯក ម៉ៅ សឿត អង្គភាពសារព័ត៌មានយើងខ្ញុំខលជាច្រើនដងមិនលើក និងលោកវរសេនីយ៍ត្រី ស្វាយ តារា មេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រាវិញ ក្រុមសារព័ត៌មានខលសួរពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នេះបែរជាឆ្លើយឌឺដាក់ក្រុមសារព័ត៌មានវិញថា បងដឹងច្បាស់ជាងខ្ញុំទៀត មានន័យថាគាត់ជាមេប៉ុស្តិ៍ព្រែកប្រាមួយទាំងមូលបែរជាមិនដឹង ថាមានល្បែងស៊ីសងបែបអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រងអញ្ចឹងទេ បែរទៅជាអ្នកសារព័ត៌មានបានឃើញបានដឹងជាងម្ចាស់ទឹកដីទៅទៀត ! នេះគេហៅថាមនុស្សដេកលក់ងាយនឹងដាស់ តែមនុស្សដេកមិនលក់ដាស់មិនងាយក្រោក។
ល្បែងស៊ីសងខុសច្បាប់និងចោរលួចចោរឆក់ចោរប្លន់ ឬក៏បទល្មើសខុសច្បាប់ទាំងអស់គឺជាសត្រូវរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែនៅក្នុងខណ្ឌច្បារអំពៅសង្កាត់ព្រែកប្រានេះវិញ បែរទៅជាបទល្មើសល្បែងស៊ីសង គឺជាដៃគូមិត្តភក្កិដ៏ល្អរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍និងអធិការខណ្ឌទៅវិញ។
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា សុំមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមសារព័ត៌មានថា ទីតាំងល្បែងស៊ីសងតាមអនឡាញ ឬក៏មាន់ជល់តាមអនឡាញជាច្រើនកន្លែងនេះ ក្បាលរឹងណាស់ ហ៊ានដាក់ឲ្យប្រជាពលរដ្ឋចាក់ថ្នល់ខុសច្បាប់ ម្នាក់ៗចាញ់រាប់លានសែនរៀល ក្នុងមួយថ្ងៃៗ ប្រហែលជាគេអាងខ្សែ គេធំហើយឬក៏គេត្រូវដងត្រូវផ្លែគ្នាជាមួយអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍និងអធិការហើយ ទើបវាហ៊ាននិងព្រហើនអញ្ចឹង។
ប្រជាពលរដ្ឋនិងរង់ចាំមើល អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសង្កាត់អាចមានចំណាត់ការ ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នេះបានដែរឬទេ? ឬក៏ពួកគាត់បន្តទុកជាឆ្នាំងបាយរបស់ពួកគាត់បន្តទៅទៀតឬក៏យ៉ាងណា!
បើមិនអញ្ចឹងទេសូមលុបពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព នេះចេញទៅបើទុកពាក្យទាំងអស់នេះប្រើប្រាស់បន្តទៀតគឺវាផ្ទុយពីការអនុវត្តន៏ របស់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំ និងទទួលនូវការបកស្រាយបំភ្លឺគ្រប់ហេតុផល រៀងរាល់ម៉ោងធ្វើការ សូមអរគុណ។