ខេត្តព្រៃវែង៖ សាលាមតេយ្យមួយខ្នងដែមមានចំនួន៥បន្ទប់ កំពុងតែធ្វើការកសាង មិនទាន់រួចរាល់នៅឡើយ ខណៈដែលកំពុងខ្វះខាតដំបូលទាំងស្រុង គណៈកម្មការបង្ខំចិត្តធ្វើការអំពាវនាវ ស្នើសុំសប្បុរសជនជួយឧបត្ថម្ភផង។
លោកតា ធឿន ជាគណៈកម្មការទ្រទ្រង់ក្នុងការកសាងសាលាមតេយ្យខាងលើនេះ មានប្រសាសន៍ថា÷ ដោយមើលឃើញពីការលំបាកខ្វះខាតនូវសាលារៀនពិសេសសាលាមតេយ្យនេះតែម្ដង ពីព្រោះថាក្មេងៗជាច្រើន ពិបាកក្នុងការរៀនសូត្រ ទើបរូបគាត់បានប្រជុំពិភាក្សាជាមួយគណៈកម្មការអាចារ្យវត្តនិងអ្នកស្រុកអ្នកភូមិ បានរៃអង្គាសជាថវិកាដើម្បីកសាងសាលាមតេយ្យនេះឡើង ដែលស្ថិតនៅក្នុងភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
គណៈកម្មការគ្រប់គ្រងសាលាមតេយ្យ លោក តា ធឿន មានប្រសាសន៍បន្តថា ការកសាងសាលាមតេយ្យនេះឡើងគឺ ក្នុងគោលបំណងតែមួយគតចង់ឱ្យចៅៗតូចៗ (ក្មេងជំនាន់ក្រោយ)បានសិក្សារៀនសូត្រនៅជិតផ្ទះ។ ហើយការសាងសង់សាលាមតេយ្យនេះ មិនមានការឧបត្ថម្ភពីឯកឧត្តម ឬលោកឧកញ៉ា អ្នកឧកញ៉ាណានោះទេ គឺបានមកពីការរៃអង្គាពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកស្រុកអ្នកភូមិដោយកំណត់តាមគ្រួសារ ព្រមទាំងសប្បុរសជនខ្លះៗ។ ហើយការកសាងតាំងពីក្រោមរហូតមកដល់ប៉ុណ្ណេះគឺចំណាយថវិកាអស់មួយចំនួន។
លោកតា ធឿន បានបញ្ជាក់បន្ថែមថា ការកសាងសាលាមតេយ្យ បានប្រហែល៦០ភាគរយ(៦០%)ប៉ុណ្ណោះ ហើយ ពេលនេះគឺ មានការខ្វះខាតក្បឿងប្រក់ដំបូលទាំងស្រុង ហើយដំបូលនេះដែរខ្ទង់ចំណាយអស់ថវិកាជាច្រើនពាន់ដុល្លារ ទើបសម្រេចចិត្តធ្វើការអំពាវនាវ ក្រែងមានសប្បុរសជនជួយបានកសាងរួចរាល់ក្នុងពេលឆាប់ៗនេះ៕