ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ល្ងាច​នេះ ថ្ងៃ​សៅរ៍ ៧​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ ក្រោម​ប្រធានបទ “ ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ”​។ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើ​ក​ទី​៨ រៀបចំ​ឡើង​រយ​រយៈពេល​៣​ថ្ងៃ ពោល​គឺ​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​មាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​កម្សាន្ត​ជាច្រើន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍​, គណៈកម្មការ​អន្តរក្រសួង​, ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, រដ្ឋបាល​ខេត្ត​សៀមរាប​, សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង វិស័យ​ឯកជន ដែល​បាន​រួម​សហការ​គ្នា​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី ៨, ក្រោម ប្រធានបទ​ដ៏​មាន​សារៈសំខាន់ គឺ «​ទន្លេ​ដើម្បី​សន្តិភាព និង ការអភិវឌ្ឍ​»​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​, អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​ទទួលបាន​សុខ​សន្តិភាព​ពេញ​លើ​ផ្ទៃ​ប្រទេស ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ ជាមួយនឹង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​។ ជាមួយ​សុខសន្តិភាព កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ វិនិយោគ និង​ពាណិជ្ជកម្ម ដ៏​គួរឱ្យ ទាក់ទាញ​មួយ​ក្នុង​តំបន់​អាស៊ី​, ជា​ពិសេស​បាន​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​កម្លាំងចលករ ដ៏​សំខាន់​ក្នុង​រយៈពេល​៣០​ឆ្នាំ ចុងក្រោយ​នេះ ក្នុង​ការចូលរួម​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​កើនឡើង​ប្រមាណ​១៣​ដង ចាប់ពី​ឆ្នាំ​១៩៩៣-២០២៣​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍​រំលឹក​ដោយ​ភ្ជាប់​ទៅនឹង​អនុស្សាវរីយ៍​របស់​នាយ​ក​រដ្ឋមន្ត្រី​អូស្ត្រាលី លើ​ទឹកដី​អង្គរ​កាលពី​ឆ្នាំ​១៩៨៧ ថា កាលពីមុន​សៀមរាប មិន​មាន​សំឡេង​ទេសចរណ៍​អ៊ូអរ​កងរំពង​ដូច​ពេលបច្ចុប្បន្ន​នេះ​ឡើយ នេះ​ហើយ​ជា​ផល​លាភ​នៃ​សុខសន្តិភាព​។ សម្តេច​បន្តថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រីកលូតលាស់ គួរ​ជាទី​មោទនៈ ដោយ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង ផ​.​ស​.​ស​. ជាតិ​។ ប៉ុន្តែ​កំណើន​នេះ ត្រូវបាន​បង្អាក់​ស្ទើរតែ​ទាំងស្រុង ដោយសារ​ការរីក​រាល​ដាល​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដែល​បាន ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​សុខភាព​សាធារណៈ និង បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទូទាំង​សកលលោក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវី​ដ​១៩, រាជរដ្ឋាភិបាល នីតិកាល​ទី​៦ បានប្រែក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព​សម្រាប់​ការស្តារ និង​ការកែលម្អ​រចនាសម្ព័ន្ធ​ចាំបាច់​នានា​សំដៅ​គាំទ្រ​ដល់​កិច្ចដំណើរការ​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​។​

​សម្រាប់​ខេត្ត​សៀមរាប រាជរដ្ឋាភិបាល​បាន​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រ ក្នុង​ការស្ថាបនា​បណ្តាញ​ផ្លូវ​៣៨​ខ្សែ និង ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​ការស្ដារ និង​កែលម្អ​ស្ទឹង​សៀមរាប ដែល​បាន​ធ្វើឱ្យ​ខេត្ត​សៀមរាប​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។ សមិទ្ធផល​ថ្មី​ទាំងនេះ​បាន​កំពុង​បំពេញ​ថាមពល​បន្ថែម​ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​ទេសចរណ៍​វប្បធម៌ និង ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​នេះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤» និង​បាន​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន និង ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ឥណ្ឌា លើក​ទី​១ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប និង ជួយ ជំរុញ​ឱ្យ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ពី​ប្រទេស​ទាំង​ពីរ ចូល​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ក្រុង​រុន​តា​ឯក​តេជោ​សែន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​តំបន់​រុន​តា​ឯក ឱ្យក្លាយ ទៅ​ជា​ក្រុង​មួយ​ដ៏​ស្រស់​ស្អាត​របស់​ខេត្តសៀមរាប ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏​ជា​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការរៀបចំ​ផ្លាស់​ទី​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​កិច្ចការ​ដ៏​ចាំបាច់​បំផុត ក្នុងការ បំពេញ​តាម​លក្ខខណ្ឌ​អង្គការ​យូណេស្កូ​, ជា​ពិសេស​ការពារ​តម្លៃ​ជា​សកល​នៃ​រមណីយដ្ឋាន​អង្គរ​ឱ្យ បន្ត​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បន្ត​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ អាទិភាព ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​, ការបង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​ដោយផ្ទាល់ និង ដោយ​ប្រយោល​, ការជំរុញ​ការនាំចេញ​នៅនឹងកន្លែង​, ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​, ការបង្កើន​ចំណូល​ជាតិ​, ការចូលរួម​ដល់​ការអភិរក្ស វប្បធម៌ និង ការថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ​របស់​យើង ប្រកបដោយ​ប្រសិទ្ធភាព និង ការទទួលខុសត្រូវ​ខ្ពស់​។​

​សម្តេច​ធិបតី នៅតែ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរណ៍​នឹង​នៅតែ​ជា​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ក្នុង​ការបង្កើត​ឱកាស​ការងារ​, មុខរបរ​, ប្រាក់ចំណូល និង​រួមចំណែក​ការសម្រេច​បាន​គោលដៅ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១, ជាពិសេស​រួមចំណែក​ដល់​ការសម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​បាន​ថ្លែងថា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សុខ សូកេន ដែល​ក្នុង​រយៈពេល​ជាង ៦​ខែ​មកនេះ បាន​ខិតខំ​ដាក់ចេញ​នូវ​ផែនការ យុទ្ធសាស្ត្រ​ថ្មីៗ ពិសេស​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ «​បង្កើន​៥ អភិវឌ្ឍ ៣» និង ទិសដៅ​កែទម្រង់ មុត​ស្រួច​មួយចំនួនទៀត​។ សម្តេច​ធិបតី​សូម​ស្នើ​ឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ខាងលើ និង ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នានា​ឱ្យ​ទទួលបាន​ជោគជ័យ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ មិនមែន​ធ្វើ​ឡើង​សម្រាប់​តែ​ពេល​បច្ចុប្បន្ន​នោះទេ ប៉ុន្តែ​យើង​ត្រូវ​គិតគូរ​ឱ្យបាន​វែងឆ្ងាយ ទៅដល់​អនាគត ដោយ​ត្រូវមាន​ផែនការ​ច្បាស់លាស់ និង គ្រប់​ជ្រុងជ្រោយ ស្របពេល​ដែល​ពិភពលោក​ទាំងមូល​បាន និង កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ ទាំង​លើ​នយោបាយ សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​សូម​លើកទឹកចិត្ត និង​ផ្ដល់​នូវ​ទស្សនៈ​មួយចំនួន ដើម្បី​រួមចំណែក ដល់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ដូចខាងក្រោម ៖

​ទី​១. ដោយ​ការរក្សា​សុខ​សន្តិភាព​ជា​កត្តា​មិន​អាច​ខ្វះ​បាន​នៃ​គ្រប់​ការអភិវឌ្ឍ​, សូម​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការការពារ​សន្តិ​ភាព ដែល​យើង​រក​បាន យ៉ាង​លំបាក និង មិន​ត្រូវ​ឱ្យ​ប្រទេស​ណាមួយ ឬ ក្រុម​ណាមួយ​មក​បំផ្លាញ​សន្តិភាព​របស់​យើង​ឡើយ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា និង​បន្ត​ជំរុញ​ការ អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ ។​

​ទី​២. ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​, ពិសេស ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​ហ្មត់ចត់ និង ជាប់​ជា ប្រចាំ ។ សូម​លើក​ទក​ចិត្ត​ឱ្យមាន​ការពង្រឹង​សុវត្ថិភាព​នៅ​គ្រប់​គោលដៅ​ទេស​- ច​រណ៍ ទាំងអស់ និង មិន​ត្រូវ​ឱ្យ​តំបន់​គោលដៅ​ទេសចរណ៍​ទាំងនោះ រួម​ទាំង​តំបន់​តាម​ដង​ទ​ន្ល ក្លាយជា​តំបន់​ជ្រកកោន​នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន ជួញដូរ​មនុស្ស និង ឧក្រិដ្ឋកម្ម​ផ្សេងៗ​ឡើយ ។

​ទី​៣. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង វិស័យ​ឯកជន ត្រូវ​បន្ត​សហការ​ឱ្យបាន ជិតស្និទ្ធ ស្រប​តាម​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដើម្បី​ចូលរួម​អនុវត្ត​វិធានការ និង គោលនយោបាយ​នានា សំដៅ​សម្រេច​បាន​នូវ​គោលដៅ​នៃ​យុទ្ធនាការ «​ទស្សនា​សៀមរាប​ឆ្នាំ ២០២៤» ។​

​ទី​៤. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​, ពិសេស​បណ្តា​ខេត្ត​ជុំវិញ​ទន្លេមេគង្គ និង បឹង​ទន្លេសាប លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង ការដឹកជញ្ជូន ។ រាជរដ្ឋាភិបាល​បាន និង​កំពុង​សិក្សា​គម្រោង​សាំង​សង់​ផ្លូវ​ល្បឿន​លឿនទី ៣ ភ្នំពេញ​- សៀមរាប​-​ប៉ោយ​ប៉ែត បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ និង គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ ។​

​ទី​៥. ត្រូវ​ជំរុញ​ការផលិត​ផលិតផល​ទេសចរណ៍​ឱ្យ​បាន​សម្បូរ​បែប ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ ទេសចរណ៍ សំដៅ​ជំរុញ «​ការនាំចេញ​នៅ​នឹង​កន្លែង​» ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​- ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នេះ ។ សម្តេច​សូម​ស្នើឱ្យ ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​, ក្រសួង​ទេសចរណ៍​, ក្រសួង​ពាណិជ្ជកម្ម​, និង រដ្ឋបាលខេត្ត សៀមរាប សិក្សា​រៀបចំ​ឱ្យ​មាន​តំបន់​ខ្សែ​ក្រវាត់បៃតង​នៅ​ជុំវិញ​ក្រុង​សៀមរាប ដើម្បី​ធានា​ការ​ផ្គត់​- ផ្គង់​កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ប្រចាំថ្ងៃ និង ផ្គត់ផ្គង់​ដល់​វិស័យ ទេសចរណ៍ ជាពិសេស បង្កើត​ជា​ផលិតផល​ក​សិ​ទេសចរណ៍ ដើម្បី​បង្កើន​សក្ដានុពល ទេសចរណ៍​កម្ពុជា ។​

​ទី​៦. ស្នើ​ក្រសួងបរិស្ថាន​, ក្រសួង​ទេសចរណ៍​, ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​, ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​, និង រដ្ឋបាល​ខេត្ត​សៀមរាប សហការ​គ្នា​សិក្សា និង គិតគូរ រៀបចំ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ធម្មជាតិ ផ្សងព្រេង និង សាសនា ប្រកប​ដោយ​ភាព​ទាក់ទាញ​ខ្ពស់ ដើម្បី​បង្កើន​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​កម្ពុជា ។

​ទី​៧.​សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​យុទ្ធសាស្ត្រ​ជំរុញ​ឱ្យ មាន​ការជួបជុំ ដូចជា កិច្ចប្រជុំ​, វិបស្សនា​, កម្មវិធី​កីឡា និង កម្មវិធី​នានា​នៅ​ខេត្ត​សៀមរាប ដើម្បី គាំទ្រ​ដល់ យុទ្ធនាការ​ទស្សនា​សៀមរាប​ឆ្នាំ ២០២៤ ឱ្យ​សម្រេចបាន​ជោគជ័យ ។​

​ទី​៨. សម្តេច​សូម​ឱ្យ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​, ក្រសួង​ទេសចរណ៍​, រដ្ឋលេខាធិការ​- ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, និង ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរ​- ជាតិ​សៀមរាប​-​អង្គរ សហការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​របស់ ភ្ញៀវទេសចរ ដើម្បី​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​មាន​ភាពងាយស្រួល និង កក់ក្តៅ ។​

​ទី​៩. សម្តេច​សូម​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​, កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​, បងប្អូន​ជនរួមជាតិ​ទាំងអស់ និង វិស័យ​ឯកជន ចូលរួម​ឱ្យបាន​ផុសផុល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឱ្យ​ពិធី​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​នេះ​ទទួលបាន​ជោគជ័យ​, ជា ពិសេស​ត្រូវ​រួមគ្នា ដើម្បី​វិស័យ​ទេសចរណ៍ ស្រប​តាម​ប្រធានបទ «​ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​», «​ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​», និង «​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា​» ផងដែរ ។ សម្តេច​ក៏​សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​, អាជ្ញាធរ​មូលដ្ឋាន​, និង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ឱ្យ​កាន់តែ​សកម្ម ក្នុង​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង សហការ​ថែរក្សា​សោភ័ណភាព អនាម័យ​បរិស្ថាន​, ដែល​ជា​កត្តា​ចម្បង​មិន​អាច​ខ្វះ​បាន ក្នុង​ការថែរក្សា​តំបន់​ប្រាសាទ​ឱ្យ​ស្រស់ស្អាត​យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល