នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស អូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រេីប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។
លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប៉ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរផងដែរ។
ចំពោះវិស័យថាមពល សម្ដេចធិបតីបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។
បន្ថែមពីនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕
======
ក្រសួងបរិស្ថានផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន
ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។ លើសពីនេះ ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។
នេះបើយោងតាមការថ្លែងឱ្យដឹងពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធី ផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅទីស្តីការក្រសួង នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ចូលរួមជាមួយយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជា-កាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋផង និងការពារប្រយោជន៍ជូនដល់រោងចក្រ សហគ្រាសផង។
ផ្អែកលើការងារនេះ ក្រសួងបរិស្ថានក៏បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។
ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម៕