(ខេត្តកែប)÷ ដើម្បីរក្សាសោភ័ណភាពក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់តាមមាត់ឆ្នេរកម្សាន្ត នៅតំបន់ទេសចរណ៍ឆ្នេរកែប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលខាងមុខ អភិបាលខេត្តកែប បានជំរុញដល់ក្រុមអាជីករលក់ដូរនៅតាមបណ្តោយឆ្នេរក្នុងរមណីយដ្ឋានខេត្តកែបទាំងមូល ឲ្យចូលរួមសហការដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមបណ្តោយមាត់ឆ្នេរឲ្យបានល្អប្រសើរដើម្បីទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរណ៍។
ការជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលាខេត្តកែប ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងក្រុមអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ក្រុមអាជីវករលក់ដូរ និងម្ចាស់ហាង រាប់ទាំង អាហារដ្ឋាន និងភោជនីយដ្ឋានផងដែរ ត្រូវបន្តចូលរួមសហការក្នុងការកែលម្អសោភ័ណភាព រក្សាអនាម័យ ពិសេសការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ ដោយមិនអនុញ្ញាតឲ្យក្រុមអាជីវករណាក្រាលកន្ទេលនៅតាមចិញ្ចើមផ្លូវសាធារណ:ត្រង់ចំណុចទីប្រជុំជនដែលជាកត្តាមួយធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះចរាចរណ៍នោះឡើយ។
សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តកែបតែងតែដាក់បម្រាមមិនឲ្យក្រុមអាជីវករណាយកចិញ្ចើមផ្លូវ ឬទីសាធារណៈដើម្បីសង់ខ្ចុស ឬកាងកន្លែងដើម្បីក្រាលកន្ទេលសម្រាប់ជួលឲ្យភ្ញៀវអង្គុយលេងឬញាុំអាហារនោះឡើយ ហើយបើក្រុមអាជីវករណាអនុវត្តផ្ទុយនឹងគោលការណ៍ដូចជម្រាបខាងលើ រដ្ឋបាលខេត្តនឹងឲ្យរុះរើចេញជាបន្ទាន់៕