(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបល្បែងជល់មាន់ ត្រង់ចំណុចដីឡូត៌មួយកន្លែងដែលគ្មានមនុស្សរស់នៅ ក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពីកម្លាំងនគរបាលចុះទៅដល់ទីតាំងលេងជល់មាន់ ក្រុមអ្នកញៀនល្បែងខាងលើបាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ០៨គ្រឿង , មាន់ជល់០៣ក្បាល , កន្ត្រកដាក់មាន់ជល់ និងសម្ភារៈចងខ្នាយមាន់មួយចំនួន។
ចំពោះករណីនេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីហៅសាមីខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងអំឡុងពេលខាងមុខបន្តទៀត៕