នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖
ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល
ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។ សម្តេចបានមានប្រសាសន៍ទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។ សម្តេចបានថ្លែងទៀតថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃបាន។ ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។ កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។ កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើចំណុចសំខាន់ៗ៖
១) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
-ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម។
– ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង។
– ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល៥ឆ្នាំ។
– ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល។