(ខេត្តកណ្តាល) ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមបង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើងជាដើមនិង ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»
*លើកទី១ ករណីយកដាវ ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅកាប់ បាញ់ផ្ទះជនរងគ្រោះ ឈ្មោះ វិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងជុសជុលម៉ូតូ ស្ថិតលើផ្លូវជាតិ21A ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅវេលាម៉ោង១៤:១៤នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។
*លើកទី២ករណីយកកាំបិតកាប់ម៉ូតូ ម៉ាក Scoopy ពណ៌ទឹកបុិច បណ្តាលឲ្យខូចខាត បែកកញ្ចក់កុងទ័រ កញ្ចក់មើលក្រោយខាងឆ្វេងនិងកន្ទុយខាងក្រោយ របស់ជនរងគ្រោះ ឈ្មោះទី គីមឃាង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃ១៣ខែមករា ឆ្នាំ២០២៤នៅចំណុចតារាងបាល់ទះស្ថិតក្នុងភូមិសិត្បូសង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្ដាល។
ក្រោយពីទទួលបាននូវព័ត៌មានរឿងហេតុខាងលើភ្លាមលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលនិងលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចាប់ដៃគ្នាបញ្ជាកម្លាំងជំនាញពាក់ព័ន្ធដោយផ្ទាល់ និងបានដាក់បទបញ្ជាយ៉ាងមឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោក ឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរង ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងលោក វរៈសេនីយ៌ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល សហការចាប់ដៃគ្នាចុះដឹកនាំដោយផ្ទាល់កម្លាំងទាំងពីរស្ថាប័នឲ្យបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពយកដាវ កាំបិត ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅប្រព្រឹត្តអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងធ្វើសកម្មភាពកាប់ ចាក់គ្នាក្នុងមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល កន្លងមកឲ្យបានជាដាច់ខាត។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំតុលា បានប្រាប់ថា!គួបផ្សំនឹងឆន្ទៈតស៊ូ ព្យាយាមសាមគ្គី សហការគ្នារវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនិងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលផងនោះ កម្លាំងយើងទាំងពីរស្ថាប័នកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាពឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់នាថ្ងៃទី១៥-១៦ ខែមករាឆ្នាំ២០២៤និងក្រុមក្មេងទំនើងខាងលើនេះមានអាយុចាប់ពី១៦ឆ្នាំដល់១៩ឆ្នាំ។
ចំពោះវត្ថុតាងបានបន្សល់នៅកន្លែងកើតហេតុមានដំថ្មចំនួន៤ដុំនិងដែកទីបចំនួន០១កំណាត់។
”
ចំពោះជនសង្ស័យទាំង ១១នាក់ខាងលើបានសារភាពថា ៖ ពួកគេពិតជាបាននាំគ្នាជិះម៉ូតូចេញពីសាលាវិទ្យាល័យស្អាងទៅតាមឈ្មោះហុង (ធំ) ហើយធ្វើសកម្មភាពយកដុំថ្មគប់និងបាញ់ជំពាមកៅស៊ូទៅលើផ្ទះជនរងគ្រោះឈ្មោះសាវុធ ជាងជួសជុលម៉ូតូ និងយកកាំបិតកាប់ម៉ូតូជនរងគ្រោះឈ្មោះ គីមឃាង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ និងបក្ខពួកដែលរត់គេចខ្លួនត្រូវបានសមត្ថិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕