(ខេត្តកំពត)៖ សិក្ខាសាលាថ្នាក់តំបន់ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅខេត្តកំពតស្ដីពីការផ្ដល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីបានដំណើរការ អស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ ២០២០ ត្រូវបានធ្វើពិធីបិទ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកភាវ សុវទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាពតំណាងក្រសួងបរិស្ថាន។
លោក ភាវ សុវទ្ធី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃអង្គសិក្ខាសាលាគឺបានប្រព្រឹត្តទៅដោយភាពរលូននិងជោគជ័យដែលមានសិក្ខាកាមចូលរួមជាមន្ត្រីអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធមកពីខេត្តចំនួន៤គឺខេត្តកំពត ព្រះសីហនុ តាកែវ និងខេត្តកែបសរុបចំនួន៩០នាក់។ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ចំណេះដឹងសំខាន់ៗពាក់ព័ន្ធបច្ចេកទេសនិងលើកទឹកចិត្តអ្នកអនុវត្តន៍មុខងារវិស័យបរិស្ថានឲ្យបានទូលំទូលាយ និងសិក្សាស្វែងរកបញ្ហាប្រឈមដំណោះស្រាយនិងសំណូមពរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្រុងស្រុក។
ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលខេត្តកំពត បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួងបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុង ស្រុក និងគាំពារសុខមាលភាពសាធារណៈ និងការរស់នៅដោយចីរភាព ស្របទៅនឹងគោលបំណងជាចម្បងនៃស្មារតីអនុក្រឹត្យពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីធានានូវសោភ័ណភាព និងគាំពារសុខមាលភាពសាធារណៈ និងបរិស្ថាន។
លោក ជាវ តាយ ក៏បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៃអង្គសិក្ខាសាលានេះដែរ សិក្ខាកាមទាំងអស់ ពិតជានឹងបានយល់ច្បាស់អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារ និងភារកិច្ចឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនាមជាមន្ត្រីសាធារណៈ មានកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលដើម្បីកម្ពុជាឆ្ពោះទៅសម្រេច ចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕