(ខេត្តកំពត)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលស្វែងរកបញ្ហា ប្រឈម សំណូមពរនិងការដោះស្រាយ នៅក្នុងមូលដ្ឋានជាមួយមន្ត្រីបង្គោលគណបក្សប្រជាជននិងមន្ត្រីអាជ្ញាធរឃុំ សង្កាត់ ក្នុងស្រុកទឹលឈូនិងក្រុងកំពតសរុបចំនួន ៩៤នាក់ ក្នុងនោះមកពីស្រុកទឹកឈូចំនួន៥៣នាក់និងក្រុងកំពតចំនួន៤១នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍បញ្ជាក់ថា ស្ដែងចេញពីសកម្មភាពនិងអំពើល្អរបស់សមាជិកគណបក្ស គឺជាការបន្តនាំមកនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត ក្នុងដំណើរកិច្ចការដឹកនាំ ការពារ និងអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្តទៅមុខទៀត។
ពិសេសនៅពេលខាងមុខនេះ ការបោះឆ្នោត ជាសាកល ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាការងារសំខាន់ចាំបាច់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើម ឈានយកភាពជោគជ័យបន្តទៀត ក្នុងការដឹកនាំ និងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា និងការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែមានភាពកាន់តែ ប្រសើរឡើងថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រធានគណបក្សប្រជាជនខេត្តកំពត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលតែងតែមានភាពស្មោះសរ រួមសុខរួមទុក្ខនៅជាប់ជាមួយប្រជាជន និងដោះស្រាយរាល់ការលំបាកសំណូមពរ បញ្ហាប្រឈម បញ្ហាធំៗ ក្នុងដំណើរការកសាង ការពារនិងកិច្ចអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យជូនប្រជាជននិងប្រទេសជាតិគ្រប់កាលៈទេសៈកន្លងមក។
ដូច្នេះដើម្បីបន្ត ដណ្ដើមភាពគាំទ្រពីប្រជាពលរដ្ឋឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនោះ មន្ត្រីគណបក្ស និងជំនាញពាក់ព័ន្ធអាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដឹកនាំ គ្រប់គ្រងទាំងរចនាសម្ព័ន្ធក្នុងបក្ស និងបង្កើន វិធានការដោះស្រាយរាល់សំណូមពរការលំបាក បញ្ហាប្រឈមតម្រូវការនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ និងគណបក្សឲ្យបានសម្រេចលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត។
ពិសេសនៅចំពោះមុខនេះត្រូវបង្កើនការយកចិត្តទុកដាក់សហការ លើកកម្ពស់ អំពើល្អ និងគុណភាពសេវាសាធារណៈ បង្កើនការទប់ស្កាត់បទល្មើសនានា ពិសេសបញ្ហាបទល្មើសគ្រឿងញៀន និងបង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបញ្ហាតម្រូវការខ្វះខាតជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ប្រធានគណបក្សខេត្តក៏បានផ្ដាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ បង្កើនស្មារតី រួមគ្នាថែរក្សាសុខសន្តិភាព អរគុណសន្តិភាព គិតគូរពីផលប្រយោជន៍របស់ប្រជាជន និងគណបក្ស ពង្រឹងគុណភាព មន្ត្រីឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដោយសមាជិក ម្នាក់ៗត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាពនិងអនុវត្តការងារប្រកបដោយគុណធម៌ ដើម្បីសម្រេចភារកិច្ចជូន ប្រជាជននិងជូនជាតិមាតុភូមិនិងគណបក្សឱ្យបានសម្រេចលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានឧបត្ថម្ភ ដល់សមាជិក គណបក្សក្រុមកំពតនិងស្រុកទឹកឈូដែលមានការចួលរួមសរុបចំនួន៩៤នាក់ ក្នុងម្នាក់ៗថវិកា៥ ម៉ឺនរៀលនឹងឧបត្ថម្ភគណបក្សស្រុកទឹកឈូ និងក្រុងកំពតចំនួន១លានរៀលស្មើគ្នាផងដែរ៕ សេង ណារិទ្ធ
———————————————————
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក ដែលមានជំ ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ, មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរងខណ្ឌទួលគោក ដែលមានជំងឺដុះសាច់ច្រមុះចាក់ចូលខួរក្បាល ដោយបានធ្វើការវះកាត់រួច កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាចំនួន ៨លានរៀល ស្មើនឹង ២០០០$ ភេសជ្ជៈ ០៦កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕
—————————————
លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក
(ខេត្តតាកែវ)÷ថ្មីៗនេះពីមន្ត្រីនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន កំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើមានផ្ទុកសារធាតុគីមីយ៉ាងគំហុក។
ប្រភពបានឲ្យដឹងទៀតថា ទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលតាមច្រកភ្នំដិន បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន យ៉ាងរលូន។
បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកភ្នំដិន បានឲ្យដឹងថា ក្រៅពីទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលតាមច្រកភ្នំដិន យ៉ាងពេញបន្ទុកគឺបន្លែផ្លែឈើមានផ្ទុកសារធាតុគីមី និងកាកសំណល់ផ្សេងៗក៏លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។
ឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលដល់ក្រុងតាខ្មៅ ខេត្តកណ្តាល និងចូលដល់រាជធានីភ្នំពេញ យ៉ាងរលូនព្រោះមានការឃុបឃិតពីមេគយចល័តក្នុងខេត្តទាំង២នេះ។
ប្រភពស្និទ្ធនឹងលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក កែវ ផាន ហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃគ្មានញញើតអ្វីៗទាំងអស់។
ក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន គាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញក្លែងប្រភេទនិងបន្លែផ្លែឈើមានផ្ទុកសារធាតុគីមី ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ។
ដោយសារថា ករណីលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទបន្លែផ្លែឈើដែលមានផ្ទុកសារធាតុគីមី ត្រូវបានមន្ត្រីកាំកុងត្រូលចាត់វិធានការបង្ក្រាបច្រើនលើកមកហើយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕