នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។
មានប្រសាសន៍នាឱកាសនេះ ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនដែលបានជំនួយឧបត្ថម្ភជាគ្រឿងយន្តសម្រាប់បម្រើឲ្យវិស័យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិ-ឧស្សាហកម្ម។
លោកបានបន្តទៀតថា ជំនួយដ៏មានតម្លៃនេះ វានឹងចូលរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពការងារ ចំណេញពេលនិងពលកម្មជាពិសេសចូលរួមលើកកំពស់ការធ្វើទំនើបកម្មកសិកម្មតាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មដើម្បីបង្កើនសមត្ថភាពផលិតធានាទាំងបរិមាណផ្គត់ផ្គង់និងគុណភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងតែជំរុញយ៉ាងសកម្មចលនាបង្កបង្កើនផលដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:ក្រុមហ៊ុនបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិនដែលបានជួយជំរុញនិងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលការវិនិយោគនេះជាផ្នែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យនេះឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតហើយលោកសង្ឃឹមនិងជឿជាក់ក្រុមហ៊ុននឹងជួយផ្គត់ផ្គង់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទក្នុងតម្លៃសមរម្យអាចទទួលយកបាន ។
សូមជញ្ជាក់ជូនថាគ្រឿងយន្តកសិកម្មដែលទទួលបានមាន៖ ត្រាក់ទ័រ ៣គ្រឿង គ្រឿងយន្តប្រមូលពោត ០១ គ្រឿងយន្តរាស់ដី ០១ គ្រឿងយន្តដាំគ្រាប់ ០២ គ្រឿងយន្តសាបគ្រាប់ ០២ Droon ០១ គ្រឿងយន្តសណ្តោង ០១ និង Round Baker ០២ ៕