ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃសុក្រ១០កើត ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ នេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញ ជាអធិបតី ក្នុង ពិធី ប្រកាស ចូល កាន់ តំណែង លោក លឹម សុភាព ជា អភិបាល រង ស្រុក រមាសហែក ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយក ទីចាត់ការធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីដែរពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្តម ហែម ពិសិដ្ឋ មានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុករមាសហែក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការចុះជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការផ្ទះឡើងនៃជំងឺកូវីដ១៩ និងកំពុងបន្តធ្វើយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននាពេលបច្ចុប្បន្ន។
ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តម អភិបាលរងខេត្តក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២ – បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៤ -បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
៥ – យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
៦- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
៧-បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
៨-បន្តការសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសអនុវត្តអោយខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម បានបញ្ជាក់ថា៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ៕