(ខេត្តកែប)៖ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបំផុស និងជំរុញដល់មន្ត្រីរាជការ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ឲ្យសហការរួមគ្នា សម្អាតបរិស្ថាន និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ។ធ្វើបែបនេះដើម្បីជួយកែលម្អទីក្រុងកែប ឲ្យកាន់តែមានសម្រស់ស្រស់បំព្រង និងផ្តល់ផាសុខភាពជូនដល់ប្រជាពលរដ្ឋនិងជាភ្ញៀវទេសចរណ៍ ដែលចូលមកសម្រាក លម្ហែ កម្សាន្តក្នុងរមណីយដ្ឋានឆ្នេរកែប។
ការលើកឡើងបែបនេះ ខណៈលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ចូលរួមក្នុងពិធី សម្អាតអនាម័យបរិស្ថាន ស្ថិតតាមបណ្តោយឆ្នេរសមុទ្រ និងតំបន់រមណីយដ្ឋានក្នុងខេត្តកែប កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មន្ត្រីរាជការទូទាំងខេត្ត និងក្រុមយុវជនគ្រប់ប្រភេទ។
លោកអភិបាលខេត្តបានបន្ថែមថា ខេត្តកែបជាខេត្តទេសចរណ៍មួយមានភាពល្បីល្បាញជាយូរលង់មកហើយ ដោយបច្ចុប្បន្នខេត្តទេសចរណ៍មួយនេះ បានទទួលជ័យលាភីជាច្រើនលើកច្រើនសារ លើឆាកអន្តរជាតិ។លោកបានសង្កត់ធ្ងន់ទៀតថា ទិន្នន័យបឋមភ្ញៀវជាតិ-អន្តរជាតិ មកកម្សាន្តនៅខេត្តកែប មានប្រមាណជាង៤មុឺននាក់ក្នុង១ថ្ងៃ ហើយអំឡុងពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរណ៍សម្រុកមកកម្សាន្តនៅខេត្តកែបប្រមាណជាង៨មុឺននាក់។ចំពោះករណីកំណើនភ្ញៀវមកទស្សនាក្នុងខេត្តកែបមិនឈប់បែបនេះ អាចធ្វើឲ្យមានកាកសំណល់កាន់តែច្រើន ពិសេសសំរាមតែម្តង។
លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា សំរាមជាបញ្ហាដ៏ចម្បងដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរណ៍ ដែលបានមកសម្រាកលម្ហែនៅទីនេះ។ ហើយទាក់ទិននឹងកំណើនមនុស្សមកលម្ហែនៅខេត្តកែប លោកអភិបាលខេត្តបានជំរុញដល់អាជីវករត្រូវមានទឹកអាល់កុល ឬជែល ដាក់តាមខ្លួនសម្រាប់លាងសម្អាតដៃ ដើម្បីការពារជំងឺកូវីដ ១៩។
ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានដឹកនាំសហការី និងក្រុមយុវជន ដើររើសសំរាម នៅតាមទីសាធារណៈ និងនៅតាមភូមិសាស្ត្ររមណីយដ្ឋានឆ្នេរកែប ព្រមទាំងនៅតាមទីតាំងសំខាន់ៗ ក្នុងទីប្រជុំជនខេត្តកែបផងដែរ៕ សេង ណារិទ្ធ