ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅស្រុកមេសាង ខេត្តព្រៃវែង នៅតែបន្តប្តឹងលោក រឹម វីរះ ពីបទ៖ «ឆបោក និងរំលោភលើទំនុកចិត្ត» ទៅកាន់ស្ថាប័នតុលាការខេត្តព្រៃវែង និងបន្តប្តឹងបន្ថែមទៀតទៅកាន់សាលាខេត្តព្រៃវែង ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយពន្លឿនរឿងក្តីនិងស្វែងរកយុត្តិធម៌។ នេះបើយោងតាមពាក្យបណ្តឹងថ្មីៗ ដែលសារព័ត៌មានព័ត៌មានទើបតែទទួលបាន។
ដោយក្នុងបណ្តឹង បានរៀបរាប់ និងបញ្ជាក់ចំៗ ថា៖ លោក រឹម វីរះ បានឆបោកអោយពួកគាត់ចូលបំរើការងារ ក្នុងអង្គការអភិរក្សជលផល បរិស្ថានសត្វព្រៃ និងព្រៃឈើកម្ពុជា ដើម្បីទទួលបានមុខងារតួនាទីនិងប្រាក់ខែ។ ហើយលោក រឹម វីរះ ក៏បានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរត់ការរឿងក្តីយកលុយ ព្រមទាំងធានានិងសន្យាថា ជួយឲ្យបានជោគជ័យ។
ទន្ទឹមជាមួយគ្នាដែលនីតិវិធីរបស់ស្ថាប័ន តុលាការខេត្តព្រៃវែង កំពុងតែបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ក្នុងសុំណុំរឿងខាងលើមួយនេះ ប្រជាពលរដ្ឋបានបន្តអះអាងប្រាប់មកកាន់សហគ្រាសសារព័ត៌មាន ថា៖ «លោក រឹម វីរះ បានក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជាទំនុកចិត្តដល់រូបគាត់ដោយសន្យាថាដោះស្រាយរឿងក្តីអោយ និងសន្យាថាបានជោគជ័យ» ដូច្នេះស្នើសុំដល់អង្គភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលផ្លូវច្បាប់ចំពោះបុគ្គល រឹម វីរះ ដែលបានប្រើប្រាស់ក្លែងបន្លំសមាសភាពតួនាទីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆបោកទំនុកចិត្តពីពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់។
យ៉ាងណាមិញ ជុំវិញបណ្តឹងចោទប្រកាន់ លោក រឹម វីរះ ថាជាបុគ្គលឆបោក ពីសំណាក់ប្រជាពលរដ្ឋ ខាងលើនេះ លោក រឹម វីរះ ក៏ធ្លាប់បានចេញមុខមកបំភ្លឺម្តងហើយម្តងទៀត ដោយបដិសេធ ទាត់ចោល ទាំងស្រុង ចំពោះការចោទប្រកាន់ គ្មានមូលដ្ឋានភស្តុតាង គ្រប់គ្រាន់ពីសំណាក់ប្រជាពលរដ្ឋ។ ហើយលោក រឹម វីរះ ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់នោះអត់ការងារធ្វើចេះតែដើរប្តឹងគេប្តឹងឯង ហើយលោកបាននិងត្រៀមរៀបចំមេធាវីប្ដឹងបកវិញទៅកាន់ប្រជាពលរដ្ឋផងដែរ។
ពាក់ព័ន្ធទៅនឹងការរៀបរាប់ចោទ ប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ ខាងលើដដែលនេះ សហគ្រាសសារព័ត៌មាន បានទំនាក់ទំនង ទៅកាន់លោក រឹម វីរះ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីសុំការបំភ្លឺបន្ថែម ប៉ុន្តែលោក រឹម វីរះ មិនបានបកស្រាយអ្វីបន្ថែមច្រើននោះទេ ដោយលោកនៅតែប្រកាន់ជំហរ បដិសេធដដែលចំពោះ ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ ចំណែកតួនាទីជាមន្ត្រីអាវុធហត្ថលោក រឹម វីរះ បានសារភាពថាលោកមិនមែនជាមន្ត្រីអាវុធហត្ថនោះទេ។
ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ពីសំណាក់លោក រឹម វីរះ ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបំភ្លឺ កាលពីថ្ងៃទី០២ ខែសីហា២០២៣ ថាបុគ្គល រឹម វីរះ គឺមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ (ពោលគឺ) បុគ្គលនេះបានខ្ចីសម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីអាវុធហត្ថស្លៀកសំញ៉ែងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋលើកឡើងថា៖ ការក្លែងបន្លំឯកសណ្ឋាន និងសមាសភាពជាមន្ត្រីកងរាជអាវុធហត្ថ ដើរឆបោកលុយពីប្រជាជនស្លូតត្រង់ ហាក់ដូចជាធ្វើបានដោយងាយស្រួលនិងភាពធូរលុង ខ្លាំងមែនទែន ដោយអង្គភាពកងរាជអាវុធហត្ថ មិនមានវិធានការផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្តទាល់តែសោះ ពោល គឺគ្រាន់តែមានមនុស្សម្នាក់ចេញមុខធានាក៏រួចខ្លួន៕