(ខេត្តកំពត)៖ បើទោះជាជំងឺកូវីដ១៩ មិនបានធ្វើឲ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ក៏ពិតមែន ប៉ុន្តែការនាំចូលជំងឺពីខាងក្រៅនៅតែបន្តកើតមាន ហើយបើគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ អ្នកមានជំងឺកូវីដ១៩ មានចំនួនសរុប ២៥១នាក់ ក្នុងនោះបានជាសះស្បើយ សរុបចំនួន២១៩។ ទន្ទឹមនិងវ៉ាក់សាំងការពារ និងឱសថព្យាបាលមិនទាន់បានផលិតឲ្យប្រើប្រាស់ជាផ្លូវការ អ្នកដំណាងរាស្ត្រមណ្ឌលកំពតស្នើដល់ប្រជាពរដ្ឋបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងរាសដាលក្នុងសហគមន៍ ។
៎
មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសធម៌ របស់ប្រជាជនសឹង្ហបុរីតាមរយៈអង្គការ “Jom Do Good Singapore” និងក្រុមការងារនៃអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម និងសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ចែកជូនដល់ប្រជាពលរដ្ឋងាយប្រឈមនឹងការខ្វះខាត៥០គ្រួសារ ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានលើកឡើងថា គ្រប់ដំណាក់កាល ចាប់តាំងពីពេលប្រទេសជាតិជួបគ្រោះមហន្តរាយពីរបបប៉ុលពត រហូតដល់បញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោតែងនៅចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខ ដោះស្រាយ និងឆ្លើយតបរាល់បញ្ហា សំណូមពរ ក្តីកង្វល់ និងការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋរហូតមកដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានស្បៀងអាហារនោះទេ។ ជាងនេះទៅទៀត ក្រោយពីបានផ្តល់ជូននូវសុខសន្តិភាព សម្តេចបានខិតខំកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រហូតដល់សព្វថ្ងៃនេះ។
លោកបានបញ្ជាក់ថា ក្នុងដំណាក់កាលពិភពលោក ក៏ដូចកម្ពុជាបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ សម្ដេចតេជោហ៊ុនសែនបានដាក់បទបញ្ជា វិធានការ និងចំណាត់ការច្បាស់លាស់ ក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត សម្តេចបានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ថែមទៀតផង។ អាស្រ័យហេតុនេះហើយ ទើបលោកស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងយុទ្ធធានការទប់ស្កាត់កូវីដ១៩កុំឲ្យឆ្លងរាលដាលដល់សមាជិកគ្រួសារ និងសហគមន៍។
ក្នុងដំណាក់កាលនេះ អ្នកតំណាងរាស្ត្របានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការការយកចិត្តទុកដាក់ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ នូវវិធានការអនាម័យ និងរក្សាគម្លាតសង្គមជាប្រចាំ៕ សេង ណារិទ្ធ